ប៉ូលិសជប៉ុនចាប់ខ្លួនបុរសម្នាក់ ដែលចូលចិត្តដើរលួចខោអាវក្នុងស្រីៗ ហើយរកឃើញខោអាវក្នុងស្រីៗរាប់រយឈុតដែលលួចបាននៅផ្ទះគាត់
ជប៉ុន៖ ប៉ូលិសជប៉ុនបានចាប់ខ្លួនបុរសម្នាក់ក្រោយរូបគាត់បានធ្វើសកម្មភាពលួចខោអាវក្នុងរបស់មនុស្សស្រីរាប់រយយកទៅរក្សាទុកនៅក្នុងផ្ទះរបស់គាត់។ បើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Insider បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Beppu ភាគខាងត្បូងប្រទេសជប៉ុន ខណៈជនសង្ស័យមានឈ្មោះថា Tetsuo Urata និងមានអាយុ ៥៦ឆ្នាំ។ ប្រភពខាងលើបានបញ្ជាក់ថា ការចាប់ខ្លួនជនសង្ស័យរូបនេះត្រូវធ្វើឡើងក្រោយមានយុវតីវ័យ ២១ ឆ្នាំម្នាក់បានរាយការណ៍ពីករណីបាត់ខោអាវក្នុងរបស់នាងចំនួន ៦ ឈុតពីម៉ាស៊ីនបោកគក់មួយកន្លែងដែលដំណើរដោយការដាក់កាក់បញ្ចូលទៅក្នុងម៉ាស៊ីននោះ។

គួរកត់សម្គាល់ថា ការបាត់សំលៀកបំពាក់ពីក្នុងម៉ាស៊ីនប្រភេទនេះមិនមែនជារឿងចៃដន្យឬច្រឡំឡើយ ពោលគឺវាបានបាត់តាមរយៈការប៉ុនប៉ងលួចតែម្តង ព្រោះទាល់តែមនុស្សដែលមានចំណេះដឹងខ្ពស់ទើបអាចប្រើប្រាស់ម៉ាស៊ីនទំនើបនេះបាន។ ក្រោយការស៊ើបអង្កេតមួយរយៈប៉ូលិសជប៉ុនក៏អាចបំបែកសំណុំរឿងនេះបាន និងឈានទៅចាប់ខ្លួនបុរសរោគចិត្តខាងលើនេះដល់ផ្ទះរបស់គាត់តែម្តង ហើយក្នុងពេលចាប់ខ្លួននោះគេបានរកឃើញខោអាវក្នុងមនុស្សស្រីសរុបចំនួន ៧៣០ ទៀតផង ដែលរូបគាត់បានលួចយកមករក្សាទុកជាយូរមកហើយ។ គួរបញ្ជា្កក់ថា ករណីមានបុរសជាអ្នកចំណេះខ្ពស់ទៅធ្វើសកម្មភាពលួចខោអាវក្នុងមនុស្សស្រីដូចនេះមិនមែនជារឿងថ្មីឡើយនៅក្នុងសង្គមជប៉ុន ដ្បិតនាពេលកន្លងករណីដូចគ្នានេះក៏ធ្លាប់កើតមានជារឿយៗផងដែរ៕
![]()

អត្ថបទ៖ ភក្តី
ប្រភព៖ Insider