បុរសម្នាក់លេបទូរស័ព្ទ Nokia 3310 ចូលទៅក្នុងពោះ ខណៈខាងគ្រូពេទ្យចំណាយពេលរាប់ម៉ោងទើបអាចវះកាត់យកទូរស័ព្ទនោះចេញមកវិញបាន
កូសូវ៉ូ៖ ទូរស័ព្ទដៃម៉ាក Nokia 3310 មួយគ្រឿងត្រូវបានវេជ្ជបណ្ឌិតមួយក្រុមចំណាយពេលរាប់ម៉ោងដើម្បីវះកាត់យកចេញពីក្នុងខ្លួនបុរសម្នាក់ ខណៈដែលថ្មនៅក្នុងទូរស័ព្ទនោះស្ទើរតែផ្ទុះទៅហើយ។ បើតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងក្នុងទីក្រុង Pristina នៃប្រទេសកូសូវ៉ូ ហើយបុរសដែលបានលេបទូរស័ព្ទចូលទៅក្នុងពោះនោះត្រូវបានគេឲ្យដឹងត្រឹមថា គាត់ជាមនុស្សម្នាក់ដែលមានសតិមិនប្រក្រតី និងមានអាយុ ៣៣ ឆ្នាំ។

បើតាមក្រុមវេជ្ជបណ្ឌិតបានប្រាប់ឲ្យដឹងថា ជនរងគ្រោះបានកើតមានអាការៈចុកឆ្អល់ពោះយ៉ាងខ្លាំងមុនពេលទៅដល់មន្ទីរពេទ្យ ហើយភ្លាមៗនោះគេគិតថា គាត់ទំនងជាពុលអាហារ។ យ៉ាងណាក្តី នៅពេលស្ថានភាពជនរងគ្រោះកាន់តែអាក្រក់ឡើងៗ ខាងគ្រូពេទ្យបានសម្រេចថត X-Ray លើជនរងគ្រោះនិងបានរកឃើញមានទូរស័ព្ទមួយគ្រឿងនៅក្នុងពោះរបស់គាត់តែម្តង។ ក្រុមវេជ្ជបណ្ឌិតក៏បានបញ្ជាក់ផងដែរថា បើជនរងគ្រោះមកពេទ្យយឺតជាងនេះបន្តិចគឺគាត់អាចនឹងមានគ្រោះថ្នាក់ដល់ជីវិត ព្រោះនៅពេលដែលថ្មទូរស័ព្ទផ្ទុះគឺវានឹងបង្កើតឲ្យមានសារធាតុពុលយ៉ាងច្រើនជ្រាបចូលទៅក្នុងរាងកាយរបស់គាត់៕

អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz