របាយការណ៍មួយបង្ហាញថា កូវីដ ១៩ បានប៉ះពាល់យ៉ាងខ្លាំងដល់យុទ្ធនាការប្រឆាំងនឹងជំងឺអេដស៍,របេងនិងគ្រុនចាញ់នៅជុំវិញពិភពលោក
យោងតាមរបាយការណ៍មួយរបស់អង្គការមូលនិធិសកលដែលបានចេញផ្សាយកាលពីព្រឹកថ្ងៃពុធ ទី ៨ កញ្ញានេះបានឲ្យដឹងថា ការរាតត្បាតនៃជំងឺកូវីដ ១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់សម្រាប់ផែនការនៅក្នុងឆ្នាំ ២០២០ កន្លងមកនេះ។ បើតាមលោក Peter Sands ដែលជានាយកអង្គការមូលនិធិសកលបានឲ្យដឹងថា នេះជាលើកទីមួយហើយដែលគម្រោងប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់របស់អង្គការមូលនិធិសកលត្រូវរងនូវការរំខានខ្លាំងដូចនេះ ខណៈនៅក្នុងឆ្នាំ ២០២០ ដែលជាឆ្នាំគម្រប់ខួបទី ២០ របស់អង្គការមូលនិធិសកលផងនោះ ខាងអង្គការបានរៀបចំគម្រោងពិសេសៗច្រើនណាស់សម្រាប់អនុវត្តនៅក្នុង បណ្តាលប្រទេសជាច្រើននៅជុំវិញពិភពលោក។

បើតាមទិន្នន័យនៅក្នុងរបាយការណ៍បានបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២០ ចំនួនពលរដ្ឋដែលទៅរកការព្យាបាល ឬទប់ស្កាត់ជំងឺអេដស៍បានធ្លាក់ចុះ ១១ % ហើយចំនួនអ្នកទៅធ្វើតេស្តរកមេរោគអេដស៍បានធ្លាក់ចុះ ២២% បើធៀបទៅនឹងឆ្នាំចាស់ ខណៈចំនួនអ្នកទៅទទួលថ្នាំប្រឆាំងនឹងជំងឺអេដស៍មានការកើនឡើង ៨,៨%។ របាយការណ៍បានបន្តថា ចំនួនពលរដ្ឋដែលត្រូវទៅព្យាបាលជំងឺរបេងបានធ្លាក់ចុះ ១៩% ហើយចំនួនអ្នកទៅចុះឈ្មោះថ្មីដើម្បីស្នើសុំការព្យាបាលជំងឺរបេងបានធ្លាក់ចុះរហូតដល់ ៣៧%។ ដោយឡែកសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់វិញហាក់មិនសូវរងផលប៉ះពាល់ខ្លាំងនោះទេបើធៀបទៅនឹងជំងឺទាំង ២ មុខខាងលើ ដោយក្នុងនោះចំនួនមុងដែលត្រូវចែកចាយទៅកាន់ពលរដ្ឋមានការកើនឡើង ១៧ % និងតម្រូវការថ្នាំបាញ់មូសមានការកើនឡើង ៣%។ គួរបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២០ អង្គការមូលនិធិសកលមានកញ្ចប់ទឹកប្រាក់ ៤,២ ពាន់លានដុល្លារសម្រាប់អនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺទាំង ៣ មុខនេះ ខណៈអង្គការមួយនេះក៏ទទួលបានប្រាក់ចំនួន ៩៨០ លានដុល្លារបន្ថែមទៀតផងដែរសម្រាប់ឆ្លើយតបនឹងជំងឺកូវីដ ១៩៕

អត្ថបទ៖ ភក្តី
ប្រភព៖ Bangkok Post