ក្មេងស្រីអាយុថ្លៃម្នាក់មានសំណាងនៅរស់មានជីវិត ក្រោយគេចាប់យកនាងទៅបូជាជីវិតក្នុងរូងភ្នំអស់រយៈពេល ៤ ថ្ងៃ
ថៃ៖ ក្មេងស្រីអាយុថ្លៃម្នាក់ត្រូវគេចាប់យកទៅបូជាជីវិតនៅក្នុងរូងភ្នំ ៤ថ្ងៃហើយ តែមានសំណាងនៅរស់មានជីវិត ហើយពេលនេះគេក៏បាននាំយកនាងឲ្យត្រលប់មកជួបជុំគ្រួសារវិញផងដែរ។ ហេតុការណ៍ដ៏កម្រនេះបានកើតឡើងនៅក្នុងភូមិដាច់ស្រយាលមួយស្ថិតនៅក្នុងខេត្តឈៀងម៉ៃប្រទេសថៃ ខណៈក្មេងស្រីជាជនរងគ្រោះមានឈ្មោះថា Nong Gina និងមានអាយុត្រឹម ២៣ ខែប៉ុណ្ណោះ។ ក្មេងស្រីរងគ្រោះត្រូវបានគេចាប់យកទៅកាលពីយប់ថ្ងៃអាទិត្យទី ៤ កញ្ញា ហើយរូបនាងត្រូវបានក្រុមអ្នកជួយសង្គ្រោះរកឃើញនៅក្នុងខ្ទមមួយកន្លែងនៅក្នុងព្រៃដែលមានចម្ងាយ ៣ គីឡូម៉ែត្រពីផ្ទះរបស់នាងកាលពីព្រឹកថ្ងៃពុធម្សិលមិញនេះ។

តាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អ្នកដែលចាប់ក្មេងស្រីនេះយកទៅគឺជាមិត្តភក្តិរបស់ឪពុកនាង ដែលមានឈ្មោះថា Siew អាយុ ៤៤ ឆ្នាំ ជាជនជាតិមីយ៉ាន់ម៉ា ហើយគោលបំណងនៃការចាប់ក្មេងនេះគឺដើម្បីយករូបនាងទៅបូជាជូនព្រៃភ្នំតាមរយៈទុកឲ្យនាងស្លាប់នៅក្នុងរូងភ្នំតែម្នាក់ឯង។ យ៉ាងណាក្តី ក្រោយបាត់ខ្លួនក្មេងស្រីរូបនេះប៉ូលិសថៃបានធ្វើអន្តរាគមន៍ជាបន្ទាន់រហូតឈានទៅដល់ការឃាត់ខ្លួនលោក Siew ហើយក្រោយមកលោក Siew ក៏បានសហការណ៍ជាមួយប៉ូលិសថៃដោយគាត់បាននាំផ្លូវក្រុមសមត្ថកិច្ចទៅក្នុងចូលទៅក្នុងព្រៃដើម្បីតាមស្វែងរកក្មេងស្រីរងគ្រោះរហូតទាល់តែឃើញ។ បច្ចុប្បន្នក្មេងស្រីរងគ្រោះត្រូវបញ្ចូនទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ខណៈជនបង្កហេតុនឹងត្រូវទទួលទោសទៅតាមផ្លូវចាប់៕


ជនបង្កហេតុ (រូបកណ្តាលពាក់អាវក្រហម)
นาที จนท.ช่วยเหลือ #น้องจีน่า นำส่งโรงพยาบาลแม่แตง เพื่อตรวจสอบสภาพร่างกายต่อไป pic.twitter.com/RO5vl59TUc
— FM91 Trafficpro (@fm91trafficpro) September 8, 2021
អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍