ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ភ្លើងឆេះគុកមួយកន្លែងនៅឥណ្ឌូនេស៊ីឆក់យកជីវិតអ្នកទោសដែលមិនអាចរត់គេចខ្លួនបានជាង ៤០នាក់

    BY Pheakdey September 10, 2021
    ភ្លើងឆេះគុកមួយកន្លែងនៅឥណ្ឌូនេស៊ីឆក់យកជីវិតអ្នកទោសដែលមិនអាចរត់គេចខ្លួនបានជាង ៤០នាក់

    ឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤៤ នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះគុកមួយកន្លែងនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asiaបានឲ្យដឹងថា​ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៣ ព្រឹកថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ហើយគុកដែលត្រូវរងនូវការលេបត្របាក់ដោយអគ្គីភ័យនេះគឺស្ថិតនៅក្នុងមន្ទីរឃុំឃាំងក្នុងទីក្រុង Tangerang ខណៈមន្ទីរឃុំឃាំងមួយនេះត្រូវបានគេដឹងថា ជាកន្លែងដែលមានផ្ទុកអ្នកទោសយ៉ាងច្រើនកកកុញគ្នាផងដែរ។

    ប្រភពខាងលើបានបន្តថា គេមិនបានដឹងពីហេតុផលជាក់លាក់ដែលបង្កឲ្យមានភ្លើងឆេះគុកនេះទេ តែអ្វីដែលគេអាចធ្វើការសន្និដ្ឋានបានគឺអគ្គីភ័យអាចបង្កឡើងដោយបញ្ហាប្រព័ន្ធអគ្គិសនីនៅក្នុងមន្ទីរឃុំឃាំង ដែលជាប្រព័ន្ធចាស់ត្រូវបានគេរៀបចំឡើងតាំងពីឆ្នាំ ១៩៧២ និងមិនដែលធ្វើបច្ចុប្បន្នភាពទាល់តែសោះរហូតមកទល់នឹងពេលនេះ។ បើតាមលោក Yasonna Laoly ដែលជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឥណ្ឌូនេស៊ីបានឲ្យដឹងថា ពលរដ្ឋដែលបានស្លាប់ទាំងអស់នោះគឺសុទ្ធតែជាអ្នកទោស ហើយក្នុងចំណោមអ្នកស្លាប់ទាំង ៤៤នាក់នោះគឺមាន ៣១នាក់ត្រូវភ្លើងឆេះខ្ទេចតែម្តង ខណៈពេលនេះខាងអាជ្ញាធរនឹងពិនិត្យ DNA ចំពោះសាកសពទាំងនោះដើម្បីដឹងពីអត្តសញ្ញាណរបស់ពួកគេមុនពេលអាជ្ញាធរប្រគល់សាកសពទាំងនោះឲ្យទៅខាងគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: