ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃគ្រោងចាក់វ៉ាក់សាំង Pfizer ទៅកាន់កូនសិស្សអាយុ ១២-១៧ឆ្នាំនៅទូទាំងប្រទេស ប្រសិនបើឪពុកម្តាយពួកគេយល់ព្រមទទួលយកហានិភ័យផ្សេងៗដែលអាចកើតមានក្រោយពេលចាក់

    BY Pheakdey September 11, 2021
    ថៃគ្រោងចាក់វ៉ាក់សាំង Pfizer ទៅកាន់កូនសិស្សអាយុ ១២-១៧ឆ្នាំនៅទូទាំងប្រទេស ប្រសិនបើឪពុកម្តាយពួកគេយល់ព្រមទទួលយកហានិភ័យផ្សេងៗដែលអាចកើតមានក្រោយពេលចាក់

    ថៃ៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩នៃប្រទេសថៃបានឲ្យដឹងតាមរយៈបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ថា អាជ្ញាធរថៃគ្រោងនឹងចាក់វាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ  Pfizer  ទៅកាន់ក្រុមកូនសិស្សសាលាដែលមានអាយុចាប់ពី ១២-១៧ ឆ្នាំនៅទូទាំងប្រទេស ប្រសិនបើឪពុកម្តាយរបស់ក្រុមកូនសិស្សទាំងនោះយល់ព្រមទទួលយកហានិភ័យណាមួយដែលអាចកើតឡើងដោយយថាហេតុក្រោយពេលចាក់វ៉ាក់សាំងរួច។

    គួរម្លឹកថា នាពេលកន្លងមកធ្លាប់មានការរកឃើញថា មានករណីអ្នកកើតជំងឺរលាកសាច់ដុំបេះដូងក្រោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Pfizer ឬ Moderna រួច ហើយអ្នកដែលងាយនឹងកើតមានបញ្ហានេះទៀតសោធ គឺក្រុមពលរដ្ឋជាបុរស ឬយុវវ័យ។ យ៉ាងណាក្តី ករណីកើតមានជំងឺនេះគឺជារឿងកម្របំផុត ពោលគឺស្ថិតក្នុងកម្រិតមិនដល់ ១ករណីផង ក្នុងចំណោមពលរដ្ឋ ១លាននាក់។

    បើទោះជាយ៉ាងនេះក៏ដោយចុះ អាជ្ញាធរថៃនៅតែគោរពគោលការណ៍ចាក់វ៉ាក់សាំងដោយការស័្មគ្រចិត្ត ពោលគឺការចាក់វ៉ាក់សាំងជូនក្រុមសិស្សសាលាវ័យក្មេងទាំងនេះត្រូវតែមានការយល់ព្រមពីសំណាក់ឪពុកម្តាយឬអាណាព្យាបាលរបស់ពួកគេជាមុនសិន ដើម្បីបញ្ជាក់ថាពួកគាត់នឹងទទួលយកបញ្ហាផ្សេងៗក្នុងករណីដែលវាអាចកើតមានចំពោះកូនៗពួកគាត់ក្រោយពេលចាក់វ៉ាក់សាំងរួច។

    បើតាមលោក Taweesilp Visanuyothin ដែលជាអ្នកនាំពាក្យឲ្យមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ បានបញ្ជាក់ថា ប្រសិនបើគ្មានបញ្ហាជំទាស់ទេគឺយុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមកូនសិស្សសាលានេះអាចនឹងត្រូវចាប់ផ្តើមនៅខែក្រោយ​​ ហើយគេត្រូវការពេលវេលាចន្លោះពី ៣-៤ សប្តាហ៍ប៉ុណ្ណោះដើម្បីបញ្ចប់យុទ្ធនាការមួយនេះ។

    គួរបញ្ជាក់ផងដែរថា នៅខែក្រោយនេះប្រទេសថៃនឹងទទួលបានវ៉ាក់សាំងសរុបចំនួន ២៤លានដូស ដោយក្នុងនោះមានវ៉ាក់សាំង AstraZeneca vaccine មានចំនួន ១០ លានដូស វ៉ាក់សាំង Pfizer ចំនួន ៨លានដូស និងវ៉ាក់សាំង Sinovac ចំនួន ៦លានដូស៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: