ចាប់ពីខែក្រោយទៅ ក្រុងបាងកកនិងខេត្តចំនួន៤របស់ថៃនឹងបើកទទួលភ្ញៀវទេសចរណ៍អន្តរជាតិ ដោយមិនបាច់ចត្តាឡីស័ក ដើម្បីសង្គ្រោះសេដ្ឋកិច្ច
ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសថៃគ្រោងនឹងអនុញ្ញាតឲ្យភ្ញៀវទេសចរណ៍អន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ អាចចូលមកកំសាន្តក្នុងទីក្រុងបាងកកជាធម្មតាបានដោយមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កនោះ។ តាមគម្រោងគឺទីក្រុងបាងកកនិងខេត្តចំនួន ៤ ផ្សេងទៀតមានដូចជា ខេត្តChiang Mai, Chon Buri, Phetchaburi និងខេត្តPrachuap Khiri Khan នឹងត្រូវចាប់ផ្តើមអនុវត្តវិធានការខាងលើនេះចាប់ពីថ្ងៃទី ១ ខែ តុលា ខណៈ ៣ សប្តាហ៍បន្ទាប់មកទៀត ពោលគឺនៅថ្ងៃទី ២១ ខែតុលា ថៃនឹងបន្តអនុវត្តវិធានការដូចនេះនៅក្នុងតំបន់ដែលជាគោលដៅទេសចរណ៍មួយចំនួនទៀតផងដែរ ដូចជាខេត្ត Chiang Rai,ខេត្ត Sukhothai និងតំបន់កំសាន្ត Rayong ជាដើម។

បើតាមអាជ្ញាធរទេសចរណ៍ថៃបានបញ្ជាក់ថា ការសម្រេចអនុវត្តវិធានការខាងលើនេះគឺដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចជាតិដែលបានរងនូវការបំផ្លាញយ៉ាងខ្លាំងពីវិបត្តិនៃការរាតត្បាតជំងឺកូវីដ ១៩ ខណៈនាពេលកន្លងមកថៃធ្លាប់បានអនុវត្តវិធានការនេះដោយជោគជ័យរួចហើយនៅក្នុងខេត្តភូកេតតាមរយៈកម្មវិធី ” Phuket Sandbox” ។
គួររម្លឹកថា នៅក្នុងម្មវិធី ” Sandbox” នោះគឺភ្ញៀវទេសចរណ៍ដែលបានចាក់វ៉ាក់សាំងរួចទាំងអស់អាចចូលមកកំសាន្តនៅក្នុងខេត្តឬក្រុងណាមួយក្នុងប្រទេសថៃដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ១៤ ថ្ងៃនោះទេ ហើយបន្ទាប់ពីបានដើរកំសាន្តក្នុងក្រុងឬខេត្តនោះរយៈពេល ៧ ថ្ងៃដោយគ្មានសញ្ញានៃការកើតមានជំងឺកូវីដ ១៩ នោះ ក្រុមភ្ញៀវទសចរណ៍ក៏អាចបន្តដំណើរទៅកាន់ខេត្តឬក្រុងផ្សេងទៀតដែលស្ថិតក្នុងបញ្ជីអនុញ្ញាតរបស់អាជ្ញាធរថៃផងដែរ។
គួរបញ្ជាក់ជូនថា មុនពេលមានវិបត្តិនៃជំងឺកូវីដ ១៩ វិស័យទេសចរណ៍អន្តរជាតិគឺជាប្រភពចំណូលដ៏សំខាន់បំផុតមួយរបស់ថៃ ពោលគឺជាប្រភពប្រាក់ចំណូលជិត ២០% នៃប្រាក់ចំណូលសរុបរបស់ប្រទេសថៃផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia