អន្តរជាតិ

ថៃអនុម័តជាផ្លូវការប្រើប្រាស់វ៉ាក់សាំង Moderna សម្រាប់ចាក់ជូនក្មេងៗមានអាយុចន្លោះពី ១២-១៧ឆ្នាំ

BY
Pheakdey
September 17, 2021

ថៃ៖ រដ្ឋបាលផ្នែកចំណីអាហារនិងឱសថនៃប្រទេសថៃបានអនុម័តជាផ្លូវការហើយកាលពីថ្ងៃព្រហស្បតិ៍ ទី ១៦ ខែ កញ្ញាម្សិលមិញនេះ សម្រាប់ការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Moderna ចំពោះក្រុមពលរដ្ឋវ័យក្មេងដែលមានអាយុចាប់ពី ១២ រហូតដល់ ១៧ ឆ្នាំ។ បើតាមការបញ្ជាក់របស់ក្រុមអ្នកជំនាញនៃរដ្ឋបាលផ្នែកចំណីអាហារនិងឱសថថៃបានឲ្យដឹងថា ការប្រើប្រាស់វ៉ាក់សាំង Moderna ចំពោះពលរដ្ឋវ័យក្មេងនេះក៏ត្រូវគោរពតាមគោលការណ៍ដូចគ្នាជាមួយនឹងការចាក់ឲ្យក្រុមពលរដ្ឋពេញវ័យអីចឹងដែរ ពោលគឺគម្លាតនៃការចាក់វ៉ាក់សាំងដូសទី ១ និងដូសទី ២ ត្រូវតែមានរយៈពេលដាច់ពីគ្នាយ៉ាងតិច ២៨ ថ្ងៃ។

ក្រោយមានការអនុម័តដូចបានជម្រាបជូនខាងលើនេះ អាជ្ញាធរសុខាភិបាលថៃក៏បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងមុតមាំផងដែរក្នុងការយកឈ្នះ​ការរាតត្បាតជំងឺកូវីដ ១៩ ព្រោះនៅពេលដែលអាជ្ញាធរមានជម្រើសច្រើនក្នុងការចាក់វ៉ាក់សាំងទៅកាន់ពលរដ្ឋនោះ គេក៏អាចសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋបានឆាប់រហ័ស ហើយអ្វីៗនឹងក៏អាចត្រលប់មករកភាពធម្មតាវិញបានឆាប់រហ័សដែរ។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលថៃបានសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋខ្លួនរួចរាល់បានជាង ១៣ លាននាក់ និងជាង ២៧លាននាក់ផ្សេងទៀតទើបចាក់បានត្រឹមដូសទី ១ ខណៈថៃមានប្រជាពលរដ្ឋសរុបជាង ៦៩ លាននាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ Bangkok Post

Share This Post: