ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃធ្វើតេស្តកូវីដ ១៩ទ្រង់ទ្រាយធំនៅខេត្តភូកេតដែលជាខេត្តអនុញ្ញាតឲ្យអ្នកដំណើរអន្តជាតិចូលមកកំសាន្តដោយមិនចាំបាច់ធ្វើចត្តាឡីស័ក

    BY Pheakdey September 20, 2021
    ថៃធ្វើតេស្តកូវីដ ១៩ទ្រង់ទ្រាយធំនៅខេត្តភូកេតដែលជាខេត្តអនុញ្ញាតឲ្យអ្នកដំណើរអន្តជាតិចូលមកកំសាន្តដោយមិនចាំបាច់ធ្វើចត្តាឡីស័ក

    ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អាជ្ញាធរថៃនឹងធ្វើតេស្តរកជំងឺកូវីដ ១៩​ ទ្រង់ទ្រាយធំនៅតាមសហគមន៍ក្នុងខេត្តភូកេត ដែលនាពេលកន្លងមកខេត្តទេសចរណ៍មួយនេះបានអនុញ្ញាតឲ្យអ្នកដំណើរអន្តរជាតិអាចចូលទៅកំសាន្តដោយមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កនោះទេ។ បើតាមលោក Kusak Kukiattikun ដែលជាប្រធានអាជ្ញាធរសុខាភិបាលខេត្តភូកេតបានឲ្យដឹងថា ការសម្រេចធ្វើតេស្តទ្រង់ទ្រាយធំដូចនេះក៏ព្រោះខេត្តភូកេតបានរកឃើញអ្នកឆ្លងកូវីដ ១៩ ក្នុងចំនួនច្រើនជាង​ ២០០នាក់ក្នុងរយៈពេល ៣ថ្ងៃជាប់ៗគ្នា ដែលវាជាកំណត់ត្រាអាក្រក់មិនធ្លាប់មានពីមុនមកផងដែរ។

    ប្រធានអាជ្ញាធរសុខាភិបាលខេត្តរូបនេះបានបញ្ជាក់ថា តាមគម្រោងគឺគេនឹងធ្វើតេស្តពលរដ្ឋប្រមាណជា ២៥,០០០នាក់ ដោយប្រើឧបករណ៍ធ្វើតេស្តរហ័ស ហើយក្នុងចំណោមពលរដ្ឋទាំងនោះក៏មានភ្ញៀវទេសចរណ៍មួយចំនួនផងដែរ។ គួរម្លឹកថា ចាប់តាំងពីខែកក្កដា ឆ្នាំ ២០២១ មកខេត្តភូកេតបានអនុវត្តកម្មវិធី Phuket Sandbox ដែលជាកម្មវិធីអនុញ្ញាតឲ្យអ្នកដំណើរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ រួចអាចចូលមកកំសាន្តដោយមិនចាំបាច់ត្រូវធ្វើចតាឡីស័កនោះទេ ហើយរហូតមកទល់នឹងពេលនេះកម្មវិធីពិសេសមួយនេះបានទាក់ទាញភ្ញៀវទេសចរណ៍បានជាង ៣០,០០០នាក់ផងដែរ។  ចំពោះហេតុផលដែលអាជ្ញាធរថៃសម្រេចអនុវត្តកម្មវិធី Phuket Sandbox គឺដើម្បីរកប្រាក់ចំណូលពីក្រុមភ្ញៀវទេសចរណ៍សម្រាប់ជួយសង្គ្រោះសេដ្ឋកិច្ចជាតិថៃដែលរងគ្រោះយ៉ាងខ្លាំងពីវិបត្តិនៃការរាតត្បាតជំងឺកូវីដ ១៩៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍ 

    Share This Post: