អ្នកវិទ្យាសាស្រ្តសិង្ហបុរីរកឃើញវិធីកែច្នៃសម្បកទុរេនឲ្យក្លាយជាបង់រុំរបួសបានយ៉ាងមានប្រសិទ្ធភាព
សិង្ហបុរី៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark បានឲ្យដឹងថា មានអ្នកវិទ្យាសាស្រ្តសិង្ហបុរីមួយក្រុមបានរកឃើញពីវិធីកែច្នៃសម្បកផ្លែទុរេនឲ្យក្លាយជាបង់រុំរបួសបានយ៉ាងមានប្រសិទ្ធភាព។ ក្រុមអ្នកវិទ្យាសាស្រ្តដែលបានរកឃើញពីវិធីដ៏អស្ចារ្យនេះគឺជាក្រុមអ្នកវិទ្យាសាស្រ្តប្រចាំនៅក្នុងសាកលវិទ្យាល័យ Nanyang Technological ដែលជាសាកលវិទ្យាបច្ចេកវិទ្យាដ៏ល្បីល្បាញបំផុតមួយប្រចាំនៅក្នុងប្រទេសសិង្ហបុរីផងដែរ។

លោក William Chen
បើតាមលោក William Chen ដែលជាប្រធានដឹកនាំគម្រោងកែច្នៃកាកសំណល់ខាងលើនេះបានឲ្យដឹងថា ជាមធ្យមពលរដ្ឋសិង្ហបុរីបានបរិភោគទុរេនប្រមាណជា ១២លានផ្លែក្នុងមួយច្នាំ ដែលវាអាចបង្កើតឲ្យមានកាកសំណល់យ៉ាងច្រើននៅក្នុងសង្គម។ ហេតុដូចនេះហើយទើបក្រុមអ្នកវិទ្យាសាស្រ្តបានផ្តើមមានគំនិតកែច្នៃកាកសំណល់ទាំងនោះដើម្បីកាត់បន្ថយកាកសំណល់នៅក្នុងសង្គមផង និងដើម្បីទទួលបានរបស់មានប្រយោជន៍សម្រាប់យកទៅប្រើប្រាស់ផង។ ចំពោះរបៀបនៃការធ្វើវិញគឺដំបូងឡើយគេត្រូវយកសម្បកទុរេនយកទៅសម្ងួតនៅក្នុងម៉ាស៊ីនជាមុនសិន ក្រោយមកគេក៏កិនវាឲ្យក្លាយជាម្សៅ រួចហើយគេបានលាយម្សៅទាំងនោះជាមួយនឹងសារធាតុជាច្រើនផ្សេងទៀតដើម្បីឲ្យវាក្លាយជាបង់រុំរបួសបានយ៉ាងមានប្រសិទ្ធភាព៕



អត្ថបទ៖ ភក្តី
ប្រភព៖ Next Shark