ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់បានលួចលុយម្តាយជាបន្តបន្ទាប់សរុបជិត ៤,០០០ដុល្លារសម្រាប់យកទៅលេងហ្គេម Online
សិង្ហបុរី៖ ក្មេងប្រុសអាយុ ១១ ឆ្នាំដែលញៀននឹងការលេងហ្គេមដ៏ងប់ងុលម្នាក់បានលួចលុយម្តាយរបស់គេប្រមាណជា ៤,០០០ ដុល្លារសម្រាប់ទៅលេងហ្គេម Online និងប៉ាវមិត្តភក្តិរបស់គេញ៉ាំអាហារផ្សេងៗដើម្បីបានអង្គុយលេងហ្គេមជាមួយគ្នា។ យោងតាមការចុះផ្សាយក្នុងបណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍មិនគួរឲ្យជឿនេះបានកើតឡើងនៅក្នុងប្រទេសសិង្ហបុរី ខណៈស្រ្តីជាម្តាយរបស់ក្មេងប្រុសរូបនេះមានឈ្មោះថា Linda និងមានអាយុ ៤៣ ឆ្នាំ។ បើតាមលោកស្រី Linda បានឲ្យដឹងថា កាលពីពេលថ្មីៗនេះគាត់ស្រាប់តែប្រទះឃើញនៅក្នុងការបូបកូនប្រុសរបស់គាត់មានលុយចំនួន ៥៨ដុល្លារ ទាំងដែលគាត់មិនដែលឲ្យលុយកូនច្រើនដូចនេះទេ។

ដោយមានការសង្ស័យគាត់ក៏បានឆែកមើលគណនីធនាគារបស់គាត់និងបានរកឃើញថា ក្នុងរយៈពេល ៣ ខែចុងក្រោយនេះកូនប្រុសរបស់គាត់បានលួចបាញ់លុយចេញពីកុងធនាគាររបស់គាត់តាមរយៈកម្មវិធីក្នុងទូរស័ព្ទដៃបន្តបន្ទាន់ ហើយលុយដែលកូនរបស់គាត់បានលុយសរុបគឺជិត ៤,០០០ ដុល្លារ។ ក្នុងចំណោមលុយដ៏ច្រើននេះគឺភាគច្រើនកូនប្រុសរបស់គាត់បានចំណាយលើការលេងហ្គេម Online ខណៈលុយប្រហែលជា ៥០០ ដុល្លារគឺរូបគេបានចំណាយលើការប៉ាវមិត្តភក្តិញ៉ាំអាហារ។ ហេតុការណ៍នេះអាចជាមេរៀនដ៏ល្អមួយសម្រាប់ឪពុកម្តាយគ្រប់រូបក្នុងការតាមដានមើលកូនៗរបស់ពួកគាត់ឲ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់កុំឲ្យពួកគេក្លាយជាមនុស្សញៀននឹងហ្គេមរហូតហ៊ានធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់តែហ្គេមដូចកុមារនៅក្នុងករណីនេះឲ្យសោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz