ក្រុមអ្នកជំនាញអះអាងថា នៅពេលខាងមុខកូវីដ ១៩ នឹងដូចជំងឺផ្តាសាយអីចឹង ខណៈកូនក្មេងនឹងក្លាយជាក្រុមមនុស្សងាយឆ្លងជំងឺនេះបំផុត
អ្នកជំនាញផ្នែកជំងឺឆ្លងម្នាក់បានឲ្យដឹងតាមរយៈបណ្តាញសារព័ត៌មាន Daily Mail ថា នៅពេលខាងមុខជំងឺកូវីដ ១៩ នឹងលែងមានគ្រោះថ្នាក់ធ្ងន់ធ្ងរទៀតហើយ ពោលគឺវានឹងក្លាយជាជំងឺធម្មតាដូចជំងឺផ្តាសាយអីចឹងដែរ។ ការអះអាងខាងលើនេះត្រូវបានធ្វើឡើងដោយលោកស្រីសាស្រ្តាចារ្យ Dame Sarah Gilbert ជាអ្នកជំនាញផ្នែកបង្កើតវ៉ាក់សាំងនៅសាកលវិទ្យាល័យ Oxford ហើយការថ្លែងដូចនេះគឺត្រូវបានធ្វើឡើងក្នុងឱកាសដែលលោកស្រីបានអញ្ជើញទៅចូលរួមសិក្ខាសិលាមួយស្តីពីសហគមន៍វេជ្ជសាស្រ្ត កាលពីថ្ងៃពុធ ទី ២២ ខែ កញ្ញា កន្លងទៅនេះ។ អ្នកជំនាញរូបនេះបានលើកឡើងថា បច្ចុប្បន្ននេះមនុស្សជាតិកំពុងរស់នៅជាមួយនិងមេរោគកូរ៉ូណាចំនួន ៤ ប្រភេទផ្សេងគ្នាយ៉ាងជិតស្និត ដោយក្នុងចំណោមមេរោគទាំងនោះគឺមានទាំងមេរោគបង្កទៅជាជំងឺផ្តាសាយ និងមេរោគបង្កទៅជាជំងឺសារប្រភេទ Sars-CoV-2 ផងដែរ។

លោកស្រីសាស្រ្តាចារ្យ Dame Sarah Gilbert
លោកស្រី Dame Sarah Gilbert បានបន្តថា ដំបូងឡើយជំងឺ Sars-CoV-2 គឺជាជំងឺដ៏មានគ្រោះថ្នាក់បំផុត តែបច្ចុប្បន្នជំងឺប្រភេទនេះមិនអាចឆកយកជីវិតមនុស្សបានទៀតនោះទេ ព្រោះរាងកាយមនុស្សបានស៊ាំទៅនឹងមេរោគនោះរួចទៅហើយ ក្រោយពេលបានចាក់វ៉ាក់សាំងការពារ បានលេបថ្នាំប្រឆាំង និងបានប៉ះពាល់ជាមួយនឹងមេរោគនោះដដែលៗជាច្រើនដង។ ដូចគ្នាជាមួយនឹងមេរោគនៃជំងឺកូវីដ ១៩ អីចឹងដែរ នៅពេលដែលវាផ្តើមរាតត្បាតដំបូងគឺមានគ្រោះថ្នាក់ខ្លាំងណាស់ តែក្រោយពីមនុស្សបានឆ្លងវារួចនិងបានចាក់វ៉ាក់សាំងការពារគ្រប់ៗគ្នានោះ គ្រោះថ្នាក់របស់វានឹងថយចុះបន្តិចម្តងៗរហូតធ្វើឲ្យកូវីដ ១៩ គ្រាន់តែជាជំងឺធម្មតាមួយដូចជំងឺផ្តាសាយតែប៉ុណ្ណោះដែលមនុស្សគ្រប់រូបងាយនឹងកើតវាណាស់ តែវាគ្មានគ្រោះថ្នាក់ដល់ជីវិតនោះទេ។ យ៉ាងណាក្តីលោកសាស្រ្តាចារ្យ Chris Whitty ដែលជាប្រធានផ្នែកវេជ្ជសាស្រអង់គ្លេសបានបញ្ជាក់ថា នៅពេលខាងមុខកូវីដ ១៩ នៅតែជំងឺឆ្លង ហើយចំពោះអ្នកដែលមិនបានចាក់វ៉ាក់សាំងគឺនៅតែមានឱកាសឆ្លងវាជានិច្ច និងជាពិសេសនោះគឺកូនក្មេងនឹងក្លាយក្រុមមនុស្សដែលងាយនឹងឆ្លងជំងឺនេះជាទីបំផុត៕

លោកសាស្រ្តាចារ្យ Chris Whitty
អត្ថបទ៖ ភក្តី
ប្រភព៖ Daily Mail