ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    TikTok នៅចិនកំណត់ឲ្យអ្នកប្រើប្រាស់អាយុក្រោម ១៤ឆ្នាំអាចចូលមើលវីដេអូបានត្រឹម ៤០នាទីប៉ុណ្ណោះក្នុងមួយថ្ងៃ ដើម្បីទប់ស្កាត់មិនឲ្យពួកគេងប់នឹងកម្មវិធីនេះពេក

    BY Pheakdey September 25, 2021
    TikTok នៅចិនកំណត់ឲ្យអ្នកប្រើប្រាស់អាយុក្រោម ១៤ឆ្នាំអាចចូលមើលវីដេអូបានត្រឹម ៤០នាទីប៉ុណ្ណោះក្នុងមួយថ្ងៃ ដើម្បីទប់ស្កាត់មិនឲ្យពួកគេងប់នឹងកម្មវិធីនេះពេក

    ចិន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark បានឲ្យដឹងថា ក្រុមហ៊ុ​នគ្រប់គ្រងកម្មវិធី TikTok បានសម្រេចដាក់ចេញនូវមុខងារថ្មីមួយសម្រាប់ក្រុមអ្នក​ប្រើប្រាស់នៅក្នុងប្រទេសចិន ដោយក្រុមហ៊ុននឹងកំណត់ឲ្យអ្នកប្រើប្រាស់វ័យក្មេងអាចចូលទៅមើលវីដេអូក្នុងកម្មវិធីដ៏មានប្រជាប្រិយភាពនេះបានត្រឹមតែ ៤០នាទីប៉ុណ្ណោះនៅក្នុងមួយថ្ងៃ។ គួរបញ្ជាក់ថា កម្មវិធី TikTok ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនចិនដែលមានឈ្មោះថា ByteDance ហើយសម្រាប់នៅក្នុងប្រទេសចិនកំណែនៃកម្មវិធីមួយនេះមានឈ្មោះថា Douyin។

    ប្រភពខាងលើបានបន្តថា ចាប់ពីពេលនេះតទៅកម្មវិធី Douyin ឬជាទូទៅគេហៅថា TikTok នឹងដាក់ចេញនូវមុខងារមួយដែលមានឈ្មោះថា “Youth Mode” ដែលតាមរយៈមុខងារមួយនេះគេនឹងកំណត់ឲ្យក្រុមអ្នកប្រើប្រាស់ដែលមានអាយុក្រោម ១៤ ឆ្នាំ អាចចូលទៅមើលវីដេអូបានត្រឹម ៤០នាទីក្នុងមួយថ្ងៃ ហើយសម្រាប់ពេលវេលាដែលពួកគេអាចចូលទៅមើលវីដេអូបានគឺចាប់ពីម៉ោង ៦ ព្រឹករហូតដល់ម៉ោង ១០យប់ប៉ុណ្ណោះ។

    ដើម្បីអនុវត្តវិធានការខាងលើនេះឲ្យមានប្រសិទ្ធភាព ឪពុកម្តាយរបស់ក្រុមអ្នកប្រើប្រាស់កម្មវិធីវ័យក្មេងទាំងអស់ក៏ត្រូវតែចូលរួមសហការណ៍ផងដែរ ដោយពួកគាត់ត្រូវចូលរួមចុះឈ្មោះបង្កើតកម្មវិធីនិងកំណត់អាយុកូនរបស់ពួកគាត់ឲ្យបានច្បាស់លាស់ផងដែរ។

    សូមបញ្ជាក់ថា វិធានការណ៍ខាងលើនេះត្រូវបានដាក់ចេញដោយអនុលោមទៅតាមគោលការណ៍របស់រដ្ឋាភិបាលចិនក្នុងការទប់ស្កាត់មិនឲ្យពលរដ្ឋវ័យក្មេងធ្លាក់ខ្លួនជាមនុស្សញៀននឹងអ៊ីនធឺណិតងប់ងុលរហូតជះឥទ្ធពលអាក្រក់ចំពោះការសិក្សារបស់ពួកគេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Next Shark

    Share This Post: