ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃសាកល្បងប្រើប្រាស់របាំងសុវត្ថិភាពក្នុងរថយន្តតាក់ស៊ីដែលអាចទប់ស្កាត់ការចម្លងជំងឺកូវីដរវាងអ្នកបើកបរនិងអ្នកដំណើរ

    BY Pheakdey September 25, 2021
    ថៃសាកល្បងប្រើប្រាស់របាំងសុវត្ថិភាពក្នុងរថយន្តតាក់ស៊ីដែលអាចទប់ស្កាត់ការចម្លងជំងឺកូវីដរវាងអ្នកបើកបរនិងអ្នកដំណើរ

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ទី ២៤ ខែកញ្ញាម្សិលមិញនេះ អាជ្ញាធរថៃបានដាក់ចេញនូវគម្រោងថ្មីមួយដោយកំណត់ឲ្យរថយន្តតាក់ស៊ីត្រូវតែបំពាក់នូវរបាំងសុវត្ថិភាពមួយនៅក្នុងរថយន្តដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩ រវាងអ្នកបើកបរនិងអ្នកដំណើរ។ ប្រភពខាងលើបានបញ្ជាក់ថា គម្រោងសុវត្ថិភាពនេះត្រូវបានអនុវត្តចំពោះរថយន្តតាក់ស៊ីចំនួនត្រឹមតែ ៣,០០០ គ្រឿងប៉ុណ្ណោះនៅក្នុងដំណាក់កាលសាកល្បងនេះ ហើយបើគម្រោងសាកល្បងនេះទទួលបានជោគជ័យ ពោលគឺគ្មានការចម្លងជំងឺកូវីដ ១៩ រវាងអ្នកបើកបរនិងអ្នកដំណើរ អាជ្ញាធរថៃនឹងបន្តអនុវត្តគម្រោងនេះសម្រាប់គ្រប់រថយន្តតាក់ស៊ីនៅទូទាំងប្រទេសតែម្តង។

    បើតាមលោក Saksayam Chidchob រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនផ្លូវគោកថៃបានឲ្យដឹងថា ការផ្តួចផ្តើមឲ្យមានគម្រោងសុវត្ថិភាពក្នុងរថយន្តតាក់ស៊ីនេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណងជួយសង្គ្រោះសេដ្ឋកិច្ចរបស់ក្រុមអ្នកបើកបររថយន្តតាក់ស៊ី ដែលពួកគាត់បានបាត់ចំណូលទាំងស្រុងជាយូរមកហើយ ក្រោយអាជីកម្មមួយនេះត្រូវបានផ្អាកដំណើរការព្រោះវិបត្តិនៃជំងឺកូវីដ ១៩។ រដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា របាំងសុវត្ថិភាពដែលគេនឹងបំពាក់នៅក្នុងរថយន្តនោះគឺធ្វើឡើងពីជ័រពិសេសម្យ៉ាងដែលអាចកាត់ផ្តាច់ចរន្តខ្យល់រវាងផ្នែកខាងមុខនិងផ្នែកខាងក្រោយរបស់រថយន្ត ហើយនៅលើរបាំងនោះមានបំពាក់នូវកូដដែលអ្នកដំណើរអាចស្កេនសម្រាប់ទូទាត់លុយនិងបញ្ចេញមតិយោបល់ផ្សេងជុំវិញគម្រោងថ្មីនេះផងដែរ។ ចំពោះរថយន្តតាក់ស៊ីដែលត្រូវប្រើប្រាស់ក្នុងគម្រោងសាកល្បងនេះគឺត្រូវតែមកចុះឈ្មោះជាមួយនឹងអាជ្ញាធរឲ្យបានត្រឹមត្រូវដើម្បីឲ្យខាងអាជ្ញាធរអាចតាមដាននិងគ្រប់គ្រងទិន្នន័យរបស់អ្នកបើកបរនិងអ្នកដំណើរបានច្បាស់លាស់ ព្រោះក្នុងករណីមានការចម្លងជំងឺកូវីដ ១៩ណាមួយកើតឡើង គេក៏ងាយស្រួលស្វែងរកក្រុមមនុស្សដែលមានការពាក់ព័ន្ធផងដែរ ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: