តុលាការឥណ្ឌាសម្រេចឲ្យហាងកាត់សក់មួយកន្លែងត្រូវសងជំងឺចិត្តឲ្យតារាស្រីម្នាក់ជាង ២៧ម៉ឺនដុល្លារ ក្រោយជាងបានកាត់សក់ឲ្យតារាម៉ូដែលរូបនោះខុសពីការរំពឹងទុក
ឥណ្ឌា៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា តុលាការឥណ្ឌាកាលពីពេលថ្មីៗនេះបានសម្រេចកាត់ក្តីឲ្យហាងកាត់សក់មួយកន្លែងត្រូវបង់ប្រាក់សងជំងឺចិត្តចំនួន ២០លានរូពី (២៧១,២៨៤ ដុល្លារអាមេរិក) ទៅកាន់អតិថិនជនម្នាក់ ដែលទទួលបានម៉ូតសក់ខុសពីការរំពឹងទុករបស់គាត់បន្ទាប់ពីកាត់សក់រួច។ អតិថិជនដែលទទួលបានប្រាក់សំណងដ៏ច្រើនសន្ធឹកសន្ធាប់ពីរឿងចម្រូងសម្រាសតូចតាចមួយនេះគឺជាតារាម៉ូឌែលស្រីដ៏ល្បីល្បាយម្នាក់នៅក្នុងប្រទេសឥណ្ឌា ហើយការកាត់សក់របស់គាត់ឲ្យខុសពីការរំពឹងទុកនេះគឺបានធ្វើឲ្យរូបគាត់ត្រូវបាត់បង់ការងារនិងខាតបង់ប្រាក់ចំណូលយ៉ាងច្រើនផងដែរ។

ប្រភពខាងលើបានបន្តថា មុនពេលកាត់សក់ស្រ្តីជាតារាម៉ូឌែលបានបង្ហាញម៉ូតសក់គំរូទៅកាន់ជាងកាត់សក់និងប្រាប់យ៉ាងច្បាស់អំពីស្តាយសក់ដែលរូបគាត់ចង់បាន ព្រោះគាត់ត្រូវថតស្ពតពាណិជ្ជកម្មផ្សព្វផ្សាយផលិតផលថែរក្សាសក់ឲ្យក្រុមហ៊ុនធំមួយ។ យ៉ាងណាក្តី ជាងបានកាត់សក់របស់គាត់ខូចអស់ជាច្រើនកន្លែងនិងខ្លីជ្រុលដែលមើលទៅគឺមិនស្អាតទាល់តែសោះ រហូតធ្វើឲ្យគាត់ត្រូវបាត់បង់ឱកាសថតស្ពតផ្សព្វផ្សាយផលិតផលថែរក្សាសក់ និងខកខាតឱកាសការងារជាច្រើនកន្លែងទៀតទម្រាំតែសក់របស់គាត់ដុះវែងជាធម្មតាវិញ។ តាមការស៊ើបអង្កេតរបស់តុលាការឥណ្ឌាបានរកឃើញថា កំហុសនៃការកាត់សក់នេះបានកើតឡើងដោយសារតែភាពមិនយកចិត្តទុកដាក់ពីសំណាក់ជាងកាត់សក់ ហើយតុលាការក៏បានសម្រេចឲ្យហាងកាត់សក់ត្រូវផ្តល់ប្រាក់សងជំងឺចិត្តដល់ភាគីខាងតារាម៉ូឌែលទៅតាមទំហំទឹកប្រាក់ដែលគាត់បានខាតបង់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz