កូរ៉េខាងជើងប្រកាសពីភាពជោគជ័យក្នុងការបាញ់សាកល្បងមីស៊ីលល្បឿនលឿនបំផុតនិងទំនើបជាងគេបង្អស់ក្នុងពេលបច្ចុប្បន្ននេះ
កូរ៉េខាងជើង៖ នៅព្រឹកថ្ងៃពុធ ទី២៩ ខែកញ្ញានេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍ថា កូរ៉េខាងជើងទទួលបានជោគជ័យក្នុងការបាញ់សាកល្បងមីស៊ីលល្បឿនលឿនមួយប្រភេទទៀតហើយ ដែលជាមីស៊ីលអាចធ្វើដំណើរបានលឿនបំផុតនិងទំនើបបំផុតចុងក្រោយគេបង្អស់របស់កូរ៉េខាងជើងផងដែរ។ មីស៊ីលដែលត្រូវបានគេផលិតឡើងក្រោមបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់នេះមានឈ្មោះថា Hwasong-8 ត្រូវបានគេបាញ់សាកល្បងកាលថ្ងៃអង្គារម្សិលមិញនេះ ដោយបាញ់ចេញពីខេត្ត Jagang ឆ្ពោះទៅកាន់តំបន់ដែនសមុទ្រដែលកូរ៉េខាងជើងតែប្រើប្រាស់ជាកន្លែងធ្វើសមយុទ្ធយោធានាពេលកន្លងមក។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានបញ្ជាក់ថា មីស៊ីលប្រភេទ Hwasong-8 អាចធ្វើចលនាបានលឿននិងអាចរក្សាលំនឹងបានយ៉ាងល្អរហូតដល់គោលដៅដែលគេបានកំណត់ទុក ហើយសូម្បីតែប្រព័ន្ធការពារមីស៊ីលទំនើបបំផុតរបស់អាមេរិកដែលមានតម្លៃរាប់ពាន់លានដុល្លារនោះក៏អាចទប់ស្កាត់មីស៊ីលប្រភេទនេះបានដែរ។ គួរបញ្ជាក់ជូនថា ពិធីបាញ់សាកល្បងមីស៊ីលខាងលើនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់របស់មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងគឺលោក Pak Jong Chon ដោយគ្មានវត្តមានមេដឹកនាំកំពូល Kim Jong Un នោះទេ៕


អត្ថបទ៖ ភក្តី
ប្រភព៖ Bangkok Post