ចិននឹងរៀបចំកីឡាអូឡាំពិត ២០២២ ដោយមិនអនុញ្ញាតឲ្យអ្នកគាំមកពីក្រៅប្រទេសចូលទស្សនាឡើយដើម្បីទប់ស្កាត់ការរាតត្បាតកូវីដ ១៩
ចិន៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍័ បានឲ្យដឹងថា ព្រឹតិ្តការណ៍កីឡាអូឡាំពិក ២០២២ នៅក្នុងប្រទេសចិននឹងត្រូវរៀបចំឡើងដោយគ្មានការអនុញ្ញាតឲ្យអ្នកគាំទ្រមកពីក្រៅប្រទេសចូលទស្សនាឡើយ ខណៈការលក់សំបុត្រចូលទស្សនាសម្រាប់អ្នកគាំទ្រនៅក្នុងប្រទេសចិនក៏ត្រូវធ្វើឡើងក្រោមវិធានការតឹងរឹងផងដែរ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩។ ប្រភពខាងលើបន្តថា ការសម្រេចដូចបានជម្រាបជូនខាងលើនេះត្រូវបានប្រកាសជាសាធារណៈដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិកាលពីថ្ងៃពុធ ទី ២៩ ខែកញ្ញា ម្សិលមិញនេះ ខណៈការសម្រេចនេះត្រូវបានធ្វើឡើងតាមការស្នើសុំរបស់ប្រទេសចិនដែលជាម្ចាស់ផ្ទះទទួលរៀបចំព្រឹត្តិការណ៍កីឡានេះផ្ទាល់តែម្តង។

បើតាមគណៈកម្មាធិការអូឡាំពិកអន្តរបានបញ្ជាក់ថា អ្នកចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ២០២២ទាំងអស់រួមទាំងកីឡាករមកពីបណ្តាប្រទេសផ្សេងៗផង ត្រូវតែបង្ហាញប័ណ្ណបញ្ជាក់ថាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចរាល់ ហើយចំពោះអ្នកធ្វើដំណើរមកពីក្រៅប្រទេសនឹងត្រូវលើកលែងការធ្វើចត្តាឡីស័កផងដែរ ប្រសិនបើពួកគេបានចាក់វ៉ាក់សាំងរួចរាល់។ ជាងនេះទៅទៀតសម្រាប់អ្នកដែលត្រូវបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍អូឡាំពិតទាំងអស់ត្រូវតម្រូវឲ្យធ្វើតេស្តរកជំងឺកូវីដ ១៩ ជារៀងរាល់ថ្ងៃ ដើម្បីធានាថាពួកគេពិតជាមិនបានឆ្លងជំងឺកូវីដ ១៩ នោះទេ។ សូមបញ្ជាក់ថា តាមគម្រោងគឺព្រឹត្តិការណ៍កីឡាអូឡាំពិត ២០២២ នឹងត្រូវរៀបចំឡើងនៅក្នុងទីក្រុងប៉េកាំងប្រទេសចិនចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ២០ ខែកុម្ភៈឆ្នាំក្រោយនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍័