កូរ៉េខាងត្បូងកំពុងពិចារណាលើការហាមឃាត់ការធ្វើអាជីវកម្មនិងបរិភោគសាច់ឆ្កែនៅទូទាំងប្រទេស
កូរ៉េខាងត្បូង៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានរាយការណ៍ថា លោកប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូង មូន ចៃអ៊ីន កំពុងពិចារណាអំពីជម្រើសនៃការដាក់ចេញនូវវិធានការឬច្បាប់ហាមឃាត់ការធ្វើអាជីវកម្មនិងបរិភោគសាច់ឆ្កែគ្រប់រូបភាពនៅទូទាំងប្រទេកូរ៉េខាងត្បូង។ ប្រភពខាងលើបានបន្តថា ការពិចារណ៍អំពីការហាមឃាត់នេះត្រូវបានធ្វើឡើងក្រោយតម្រូវការនៃការបរិភោគសាច់់ឆ្កែក្នុងប្រទេសកូរ៉េខាងត្បូងហាក់មានការធ្លាក់ចុះ និងស្របពេលដែលប្រជាពលរដ្ឋកូរ៉េខាងត្បូងកាន់តែច្រើនឡើងបាននាំគ្នាចិញ្ចឹមសត្វឆ្កែនៅតាមផ្ទះនិងស្រលាញ់សត្វឆ្កែទាំងនោះដូចជាសមាជិកក្នុងគ្រួសារអីចឹងដែរ។

បើតាមលោក មូន ចៃអ៊ីន បានបញ្ជាក់ថា វាគឺជារឿងអាម៉ាស់មួយចំពោះអ្នក នៅបន្តបរិភោគសាច់ឆ្កែ ខណៈដែលមនុស្សភាគច្រើនបានចាត់ទុកសត្វឆ្កែគឺជាសមាជិកនៅក្នុងគ្រួសាររបស់ពួកគេទៅហើយ។ លោកបានបន្តថា ការរួមគ្នាមិនបរិភោគសាច់ឆ្កែគឺជាការផ្តល់តម្លៃយ៉ាងខ្លាំងចំពោះសត្វឆ្កែ និងសត្វចិញ្ចឹមផ្សេងៗទៀត ហើយវាក៏ជាឥរិយាបថប្រកបដោយក្រមសីលធម៌ខ្ពស់មួយផងដែរចំពោះក្រុមអ្នកការពារនិងលើកកម្ពស់សិទ្ធសត្វនៅជុំវិញពិភពលោក។ គួរបញ្ជាក់ថា លោក មូន ចៃអ៊ី គឺជាមនុស្សដែលស្រលាញ់សត្វឆ្កែយ៉ាងខ្លាំង ហើយរាល់ថ្ងៃនេះលោកបានចិញ្ចឹមសត្វឆ្កែមួយក្បាលមានឈ្មោះថា Tory ផងដែរ៕


អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz