ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃអនុញ្ញាតឲ្យមានការដាក់លក់ឧបករណ៍ធ្វើតេស្តកូវីដតាម Online និងតាមហាងលក់ទំនិញទូទៅ

    BY Pheakdey October 2, 2021
    ថៃអនុញ្ញាតឲ្យមានការដាក់លក់ឧបករណ៍ធ្វើតេស្តកូវីដតាម Online និងតាមហាងលក់ទំនិញទូទៅ

    ថៃ៖ បណ្តាញសារព័ត៌មាន​ The Thaiger បានរាយការណ៍ថា រដ្ឋបាលផ្នែកចំណីអាហារនិងឱសថនៃប្រទេសថៃបានអនុម័តឲ្យមានការដាក់លក់ឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ តាម Online និងតាមហាងលក់ទំនិញទូទៅជាផ្លូវការហើយ កាលពីថ្ងៃសុក្រ ទី១ ខែតុលាម្សិលមិញនេះ។ គួរម្លឹកថា នាពេលកន្លងមកសម្រាប់នៅក្នុងប្រទេសថៃ​ឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩គឺមានដាក់លក់តែនៅក្នុងមន្ទីរពេទ្យ គ្លីនិកសុខភាព និងឱសថស្ថានតែប៉ុណ្ណោះ ខណៈភាគច្រើននៃឧបករណ៍ធ្វើតេស្តទាំងនោះត្រូវបានដាក់លក់ជាកញ្ចប់ដែលមានចំនួនច្រើនៗ​ ហើយចំពោះការលក់រាយវិញគឺមិនសូវមាននោះទេ។

    ចាប់ពីពេលនេះតទៅ ពលរដ្ឋថៃអាចរកទិញឧបករណ៍ធ្វើតេស្តកូវីដ ១៩ បានយ៉ាងងាយស្រួល ដោយពួកគេអាចទិញតាម Online ក៏បាន ឬទៅទិញផ្ទាល់ពីហាងលក់ទំនិញទូទៅដែលនៅក្បែរផ្ទះរបស់ពួកគ និងអាចទិញក្នុងចំនួនប៉ុន្មានក៏បានដែរ។ យ៉ាងណាក្តី បើតាមលោកវេជ្ជបណ្ឌិត Paisal Dankhum ដែលជាមន្ត្រីជាន់ខ្ពស់មកពីស្ថាប័នរដ្ឋបាលផ្នែកចំណីអាហារនិងឱសថថៃបានបញ្ជាក់ថា ដើម្បីអាចដាក់លក់ឧបករណ៍ធ្វើតេស្តកូវីដ ១៩ បាន ម្ចាស់ហាងនិងអ្នកលក់តាម Online ត្រូវសុំការអនុញ្ញាតពីអាជ្ញាធរសុខាភិបាលជាមុនសិន ដើម្បីធានាថាឧបករណ៍ដែលពួកគេបានដាក់លក់នោះគឺជាឧបករណ៏ដែលមានគុណភាពត្រឹមត្រូវនិងមានការទទួលស្គាល់ពីអាជ្ញាធរផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Thaiger

     

     

    Share This Post: