អង់គ្លេសសម្រេចដកប្រទេសថៃចេញពីបញ្ជីហាមឃាត់ធ្វើដំណើរហើយ ក្រោយការររាត្បាតកូវីដ ១៩ នៅថៃហាក់មានភាពធូរស្រាលច្រើន
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះប្រទេសអង់គ្លេសនឹងសម្រេចដកប្រទេសថៃចេញពីបញ្ជីក្រហម ដែលជាបញ្ជីហាមឃាត់មិនពលរដ្ឋថៃធ្វើដំណើរទៅកាន់ទឹកដីខ្លួនហើយ ក្រោយស្ថានភាពនៃការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃហាក់មានភាពល្អប្រសើរជាងមុនច្រើនគួរឲ្យកត់សម្គាល់។ ឆ្លើយតបទៅនឹងការសម្រេចអនុញ្ញាតឲ្យពលរដ្ឋថៃអាចធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេសបានជាធម្មតាវិញនេះ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានថ្លែងសារអគុណចំពោះពលរដ្ឋថៃនិងក្រុមការងារដែលពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការណ៍ជាមួយអាជ្ញាធរថៃក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ រហូតធ្វើឲ្យថៃក្លាយជាប្រទេសមួយដែលលែងមានហានិភ័យខ្ពស់ក្នុងការចម្លងជំងឺកូវីដ ១៩ទៅកាន់ពិភពលោក។

គួររម្លឹកថា នាពេលកន្លងមកប្រទេសអង់គ្លេសបានសម្រេចដាក់ប្រទេសដែលមានហានិភ័យខ្ពស់ក្នុងការចម្លងជំងឺកូវីដ ១៩ ចំនួន ៥៤ ក្នុងបញ្ជីហាមឃាត់មិនឲ្យពលរដ្ឋក្នុងប្រទេសទាំងនោះអាចធ្វើដំណើរចូលមកទឹកដីខ្លួន ដើម្បីទប់ស្កាត់ការនាំចូលជំងឺកូវីដ ១៩ ពីក្រៅប្រទេស។ យ៉ាងណាក្តី ក្រោយស្ថានភាពរាតត្បាតនៃជំងឺកូវីដ ១៩ ជាសកលបានធូរស្បើយបន្តិច ប្រទេសអង់គ្លេសបានសម្រេចលុបចោលបំរាមនៃការធ្វើដំណើរនេះចំពោះប្រទេសចំនួន ៤៧ ដោយក្នុងនោះក៏មានប្រទេសថៃមួយផងដែរ។ គិតត្រឹមពេលនេះគឺនៅសល់ប្រទេសចំនួន ៧ ដែលស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង់គ្លេសដដែល ដែលប្រទេសទាំងនោះសុទ្ធតែជាប្រទេសនៅតំបន់អាមេរិកឡាទីនមានដូចជា ប្រទេសកូឡុំប៊ី, សាធារណរដ្ឋដូមីនិក, អេក្វាឌ័រ, ហៃទី, ប៉ាណាម៉ា, ប៉េរូ, និងវ៉េណេស៊ុយអេឡា។

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍