ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប៉ូលិសថៃព្រមានថា រឿង “Squid Game” អាចបណ្តុះស្មារតីហិង្សាចំពោះអ្នកទស្សនានិងហាមមិនឲ្យក្មេងៗមើលរឿងនេះឡើយ

    BY Pheakdey October 11, 2021
    ប៉ូលិសថៃព្រមានថា រឿង “Squid Game” អាចបណ្តុះស្មារតីហិង្សាចំពោះអ្នកទស្សនានិងហាមមិនឲ្យក្មេងៗមើលរឿងនេះឡើយ

    ថៃ៖ កាលពីថ្ងៃអាទិត្យទី ១០ ខែតុលា ម្សិលមិញនេះ ប៉ូលិសថៃបានធ្វើការព្រមានជាសាធារណៈថា ខ្សែភាពយន្តដែលកំពុងពេញនិយមមួយរបស់ប្រទេសកូរ៉េខាងត្បូងគឺរឿង “Squid Game” មានឈុតឆាកមិនសមរម្យជាច្រើនដែលជាអាចជះឥទ្ធិពលអាក្រក់ដល់អ្នកទស្សនា ជាពិសេសគឺក្រុមអ្នកទស្សនាវ័យក្មេងតែម្តង។ បើតាមលោកវរសេនីយ៍ទោ Kissana Phathanacharoen អ្នកនាំពាក្យអគ្គស្នងការនគបាលជាតិថៃបានបញ្ជាក់ថា នៅក្នុងរឿង “Squid Game” មានឈុតធ្វើទារុណកម្មនិងសម្លាប់មនុស្សយ៉ាងសាហាវ ហើយសម្រាប់អត្ថន័យនៅក្នុងសាច់រឿងអំពើហិង្សាទាំងនោះគឺជាផ្នែកមួយនៃការលេងល្បែងមរណដោយយកជីវិតមនុស្សធ្វើជាដើ​មទុក។

    វរសេនីយ៍ទោរូបនេះបានបន្តថា សម្រាប់អ្នកទស្សនាវ័យក្មេងនិងបានមើលរឿងនេះតែម្នាក់ឯងទៀតនោះគឺពួកគេងាយនឹងទទួលយកផ្នត់គំនិតនៅក្នុងសាច់រឿងទៅអនុវត្តក្នុងជីវិតជាក់ស្តែងខ្លាំងណាស់។ រហូតមកទល់នឹងពេលនេះប៉ូលិសថៃបានអំពាវនាវឲ្យម្តាយឪពុកគ្រប់រូបត្រូវយកចិត្តទុកដាក់កុំឲ្យកូនតូចៗរបស់ពួកគាត់មើលរឿងនេះឲ្យសោះ ដ្បិតនៅក្នុងរយៈពេលនៃការបិទខ្ទប់ប្រទេសព្រោះវិបត្តិកូវីដ ១៩ នេះ ការទស្សនាខ្សែភាពយន្តតាមប្រព័ន្ធអ៊ីនធឺណិតគឺជាជម្រើសនៃការកំសាន្តដ៏ពេញនិយមបំផុត។ សូមបញ្ជាក់ថា  “Squid Game” ជាខ្សែភាពយន្តដែលត្រូវបាននិពន្ធនិងដឹកនាំដោយលោក Hwang Dong-hyuk បានចេញផ្សាយតាម Netflix កាលពីថ្ងៃ ១៧ ខែ កញ្ញាកន្លងទៅ ហើយបច្ចុប្បន្នខែ្សភាពយន្តមួយនេះទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនានៅជុំវិញពិភពលោក៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: