ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ឥទ្ធិពលរបស់ Lisa ជំរុញឲ្យរដ្ឋាភិបាលថៃអនុវត្តយន្តការពង្រីកវប្បធម៌ទៅកាន់ពិភពលោកដើម្បីទាញយកប្រាក់ចំណូលសម្រាប់ជាតិតាមរយៈ “សេដ្ឋកិច្ចច្នៃប្រឌិត”

    BY Pheakdey October 11, 2021
    ឥទ្ធិពលរបស់ Lisa ជំរុញឲ្យរដ្ឋាភិបាលថៃអនុវត្តយន្តការពង្រីកវប្បធម៌ទៅកាន់ពិភពលោកដើម្បីទាញយកប្រាក់ចំណូលសម្រាប់ជាតិតាមរយៈ “សេដ្ឋកិច្ចច្នៃប្រឌិត”

    ថៃ៖ ក្រោយសង្កេតឃើញបទចម្រៀង “Lalisa” របស់កញ្ញា Lisa មានឥទ្ធិពលយ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចថៃនោះ ពេលនេះរដ្ឋាភិបាលថៃគ្រោងនឹងអនុវត្តផែនការពង្រីកឥទ្ធិពលវប្បធម៌របស់ប្រទេសខ្លួនទៅកាន់ពិភពលោកឲ្យមានភាពខ្លាំងក្លារហូតអាចទាញជាប្រាក់ចំណូលសម្រាប់សេដ្ឋកិច្ចជាតិបាន ដែលតាមភាសាបច្ចេកទេសយន្តការមួយនេះត្រូវបានគេហៅថា ប្រើប្រាស់ “Soft Power” ដើម្បីបង្កើតប្រាក់ចំណូលតាមរយៈសេដ្ឋកិច្ចច្នៃប្រឌិត “Creative Economy”។

    គួររម្លឹកថា កញ្ញា Lisa គឺជាតារាចម្រៀងមានដើមដំណើតថៃនិងជាសមាជិកដ៏លេចធ្លោម្នាក់ក្នុងក្រុមចម្រៀងកូរ៉េខាងត្បូង Blackpink ហើយគិតត្រឹមពេលនេះ “Lalisa” ដែលជាបទចម្រៀងទោលរបស់នាងមានអ្នកចូលទស្សនាក្នុងបណ្តាញសង្គម YouTube រហូតដល់ជាង ២៥០ លានដង ក្រោយបង្ហោះកាលពីថ្ងៃទី ១០ ខែកញ្ញាកន្លងទៅនេះ។ នៅក្នុងបទចម្រៀងនោះគេបានមើលឃើញថា កញ្ញា Lisa បានពាក់ម្កុដមាសដែលជាវត្ថុតំណាងឲ្យប្រទេសថៃនិងរាំនៅពីមុខប្រាសាទភ្នំរូងដែលជាកន្លែងទេសចរណ៍ដ៏សំខាន់របស់ថៃទៀតផង។ ឥទ្ធិពលរបស់កញ្ញា Lisa នៅក្នុងវីដេអូចម្រៀងមួយនេះបានធ្វើឲ្យទីផ្សារលក់ម្កុដនៅក្នុងប្រទេសថៃកើនឡើងគួរឲ្យគត់សម្គាល់ ហើយប្រាសាទភ្នំរូងក៏ក្លាយជាទិសដៅទេសចរណ៍កាន់តែមានសក្តានុពលផងដែរ។

    ព្រោះហេតុផលខាងលើនេះហើយទើបធ្វើឲ្យរដ្ឋាភិបាលមានទំនុកចិត្តក្នុងការប្រើប្រាស់ “Soft Power” របស់ខ្លួនដើម្បីទាញយកចំណូលសម្រាប់សេដ្ឋកិច្ចជាតិ ដែលយន្តការមួយនេះត្រូវបានប្រទេសកូរ៉េខាងត្បូង តៃវ៉ាន់ និងបណ្តាលប្រទេសមួយចំនួនយកទៅអនុវត្តយ៉ាងជោគជ័យរួចទៅហើយ។ បើតាមអ្នកជំនាញថៃ បានពន្យល់ថា ដើម្បីអនុវត្តយន្តការមួយនេះក្រសួងវប្បធម៌ថៃត្រូវប្រែខ្លួនជាក្រសួងច្នៃប្រឌិតវិញ ពោលគឺក្រសួងមួយនេះមិនត្រូវធ្វើការងារផ្តោតតែលើការអភិរក្សវប្បធម៌ថៃនោះទេ តែត្រូវផ្តោតលើការច្នៃប្រឌិតវប្បធម៌ថៃឲ្យកាន់តែមានភាពទាក់ទាញសម្រាប់ពិភពលោកទាំងមូល។

    អ្នកជំនាញថៃបានលើកឡើងថា មានគោលការណ៍ ៣ ដែលអាជ្ញាធរត្រូវចូលរួមធ្វើក្នុងការសម្រចនូវយន្តការខាងលើនេះ គឺទី១ គាំទ្រនិងជំរុញវិស័យឯកជនក្នុងការផលិតចម្រៀងឬខ្សែភាពយន្តឲ្យមានគុណភាពខ្ពស់កម្រិតអន្តរជាតិ។ ទី២ ជួយបន្ថែមក្រុមនុស្សដែលមានទេព្យកោសល្យចូលទៅក្នុងវិស័យមួយនេះ តាមរយៈផ្តល់ការអប់រំ​ បណ្តុះបណ្តាល និងការលើកទឹកចិត្តតាមរយៈរូបភាពផ្សេងៗ និងទី៣ ត្រូវជួយពង្រីកការផ្សព្វផ្សាយអំពីសមទ្ធិផលក្នុងវិស័យមួយនេះទៅកាន់ទីផ្សារពិភពលោក៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍ 

     

     

    Share This Post: