ថៃគ្រោងបើកទ្វារប្រទេសស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិនៅថ្ងៃទី ១ ខែវិច្ឆិកា ខាងមុខនេះ
ថៃ៖ កាលពីយប់ថ្ងៃចន្ទ ទី១១ ខែតុលា ម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានប្រកាសតាមកញ្ចក់ទូរទស្សន៍ថា លោកបានណែនាំឲ្យមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ និងក្រសួងសុខាភិបាលថៃពិចារណាអំពីលទ្ធភាពនៃការបើកប្រទេសឡើងវិញនៅក្នុងថ្ងៃទី ១ ខែវិច្ឆិកា ខាងមុខនេះហើយ ដែលការបើកប្រទេសឡើងវិញនេះនឹងក្លាយជាផ្នែកដ៏សំខាន់មួយសម្រាប់ជួយសង្គ្រោះសេដ្ឋកិច្ចថៃផងដែរ។ បើតាមគម្រោងការបើកទ្វារប្រទេសនៅដើមខែក្រោយនេះនឹងត្រូវធ្វើឡើងក្រោមលក្ខខណ្ឌមួយចំនួនដូចជា អនុញ្ញាតឲ្យពលរដ្ឋដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩រួច និងមកពីប្រទេសដែលមានហានិភ័យទាបអាចចូលមកដើរកំសាន្តក្នុងប្រទេសថៃដោយមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កនោះទេ។

យ៉ាងណាក្តី មុនពេលមកដល់ប្រទេសថៃអ្នកដំណើរទាំងអស់នោះត្រូវតែទៅធ្វើតេស្តរកជំងឺកូវីដ ១៩ ដោយនោះម៉ាស៊ីន RT-PCR (ម៉ាស៊ីនធំ) ក្នុងប្រទេសខ្លួនជាមុនសិន ហើយត្រូវបង្ហាញលទ្ធផលតេស្តអវិជ្ជមានរបស់ខ្លួនភ្លាមពេលទៅដល់ទឹកដីថៃ។ ដោយឡែកសម្រាប់ក្រុមពលរដ្ឋដែលមកពីប្រទេសដែលមិនស្ថិតក្នុងបញ្ជីប្រទេសមានហានិភ័យទាបក្នុងការចម្លងជំងឺកូវីដ ១៩ របស់ថៃ ក៏នៅតែអាចមកដើរកំសាន្តក្នុងប្រទេសថៃបានដែរ តែពួកគេតម្រូវឲ្យធ្វើចត្តាឡីស័កក្នុងរយៈពេល ៧ ឬ ១៤ ថ្ងៃ ក្រោយពេលទៅដល់ប្រទេសថៃ ហើយបន្ទាប់ពីគោរពតាមលក្ខខណ្ឌខាងលើនេះរួច អ្នកដំណើរទាំងអស់អាចធ្វើដំណើរទៅទីកន្លែងក៏បានដែរក្នុងប្រទេសថៃ ព្រោះថៃនឹងលែងកំណត់តំបន់ដែលមានហានិភ័យឬគ្មានហានិភ័យទៀតហើយ។ លោកនាយករដ្ឋមន្ត្រីបានបន្តទៀតថា បើគ្មានអ្វីជាឧបសគ្គទេគឺនៅត្រឹមថ្ងៃទី ១ ខែធ្នូ អាជ្ញាធរក៏គ្រោងអនុញ្ញាតឲ្យមានលក់គ្រឿងស្រវឹងនៅតាមភោជនីយដ្ឋាន និងបើកកន្លែងផ្តល់សេវាកំសាន្តមួយចំនួនផងដែរ ក្រោយសេវាកម្មទាំងអស់នេះត្រូវបានហាមឃាត់អស់រយៈពេល ១ ឆ្នាំ កន្លះមកហើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍