ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រុស្ស៊ីកំពុងសាកល្បងវ៉ាក់សាំងកូវីដ ១៩ ជាប្រភេទស្ព្រាយបាញ់ចូលក្នុងច្រមុះ

    BY Pheakdey October 13, 2021
    រុស្ស៊ីកំពុងសាកល្បងវ៉ាក់សាំងកូវីដ ១៩ ជាប្រភេទស្ព្រាយបាញ់ចូលក្នុងច្រមុះ

    រុស្ស៊ី៖ យោងតាមរបាយការណ៍របស់រដ្ឋរុស្ស៊ីដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ទី ១២ ខែតុលា ម្សិលមិញនេះបានឲ្យដឹងថា ពេលនេះក្រុមអ្នកជំនាញរុស្ស៊ីកំពុងធ្វើតេស្តសាកល្បងវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ក្នុងទម្រង់ថ្មីមួយទៀត ពោលគឺជាស្ព្រាយបាញ់ចូលក្នុងរន្ធច្រមុះមនុស្សតែម្តង ខណៈនាពេលបច្ចុប្បន្នវ៉ាក់សាំងកូវីដ ១៩ មានតែក្នុងទម្រង់ជាថ្នាំចាក់ប៉ុណ្ណោះ។​ វ៉ាក់សាំងកូវីដ ១៩ ជាប្រភេទស្ព្រាយបាញ់នេះត្រូវបានគេអភិវឌ្ឍន៍ចេញពីវ៉ាក់សាំង Sputnik V ហើយការបាញ់ស្ព្រាយវ៉ាក់សាំងនេះក៏ត្រូវធ្វើឡើងចំនួន ២ ដូសដូចការចាក់វ៉ាក់សាំងអីចឹងដែរ។

    បើតាមលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ថា វ៉ាក់សាំងកូវីដ ១៩ ជាប្រភេទស្ព្រាយនេះគឺល្អបំផុតសម្រាប់ប្រើប្រាស់ជាមួយពលរដ្ឋដែលមានអាយុចាប់ពី ៨ដល់១២ ឆ្នាំ ដ្បិតភាគច្រើននៃពលរដ្ឋវ័យក្មេងទាំងនេះគឺជាក្រុមមនុស្សដែលខ្លាចម្ជុល។ លោកប្រធានាធិបតីរូបនេះបាបបន្តថា ក្នុងអំឡុងពេលនេះវ៉ាក់សាំងកូវីដ ១៩ ជាប្រភេទស្ព្រាយកំពុងត្រូវបានសាកល្បងក្នុងចំណោមអ្នកស្ម័គ្រចិត្តជាច្រើននាក់ក្នុងកម្រិតផ្សេងៗគ្នា​ ខណៈក្រុមអ្នកវិទ្យាសាស្រ្តកំពុងដុតដៃដុតជើងក្នុងការផលិតឲ្យបានជោគជ័យនូវវ៉ាក់សាំងប្រភេទថ្មី​នេះ ដើម្បីឆ្លើយតបទៅនឹងរលកនៃការរាតត្បាតជំងឺកូវីដ ១៩ ឥតឈប់ឈរទាំងនៅក្នុងប្រទេសរុស្ស៊ីក៏ដូចជានៅទូទាំងពិភពលោកផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: