អ្នកជំនាញកាណាដាព្រមានថា សំលៀកបំពាក់លក់តាម Online មួយចំនួននៅចិនគឺមានផ្ទុកសារធាតុគីមីដែលអាចបង្កគ្រោះថ្នាក់សម្រាប់សុខភាព
កាណាដា៖ ក្រុមអ្នកជំនាញកាណាដាបានព្រមានថា សំលៀកបំពាក់មួយចំនួនដែលពលរដ្ឋកាណាដាបានទិញតាម Online ក្នុងតម្លៃថោកៗនោះគឺមានផ្ទុកនូវសារធាតុគីមីដែលអាចបង្កឲ្យមានគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះសុខភាព។ គួរបញ្ជាក់ជូនថា នាពេលបច្ចុប្បន្ននេះមានពលរដ្ឋកាណាដាជាច្រើនកំពុងតែរីករាយក្នុងការទិញទំនិញពីប្រទេសចិនតាមរយៈគេហទំព័រ AliExpress ឬ Shein ព្រោះទំនិញនៅក្នុងផ្សារ Online ទាំងនេះហាក់មានតម្លៃថោក ខណៈការដឹកជញ្ជូនទំនិញវិញគឺមានភាពឆាប់រហ័សនិងងាយស្រួលទៀតផង។ ទំនិញដែលពលរដ្ឋកាណាដាបានបញ្ជាទិញភាគច្រើននោះគឺសំលៀកបំពាក់ដែលមានតាំងពីខោអាវសម្រាប់ទារក កូនក្មេង មនុស្សពេញវ័យ រហូតដល់មនុស្សចាស់ និងសម្ភារៈសម្រាប់តុបតែងខ្លួនមួយចំនួនផងដែរ។

យ៉ាងណាក្តី បើតាមលោក Miriam Diamond ដែលជាអ្នកជំនាញផ្នែកសារធាតុគីមីនិងជាសាស្រ្តាចារ្យម្នាក់ប្រចាំនៅសាកលវិទ្យាល័យ Toronto និងបានដឹកនាំការសិក្សាមួយចំពោះសំលៀកបំពាក់ទាំងអស់នោះបានរកឃើញថា សំលៀកបំពាក់ ១ ក្នុងចំណោម ៥ គឺមានផ្ទុកនូវសារធាតុគីមី ដែលអាចបង្កឲ្យមានជំងឺមហារីកស្បែក បេះដូង និងបញ្ហាសុខភាពផ្សេងៗជាច្រើនទៀតផងដែរ។ ក្រោយការរកឃើញនេះ លោក Miriam Diamond បានអំពាវនាវឲ្យពលរដ្ឋគ្រប់រូបត្រូវចេះប្រុងប្រយ័ត្នចំពោះបញ្ហានេះ ពោលគឺត្រូវចេះជ្រើសរើសសំលៀកបំពាក់ដែលមានគុណភាពខ្ពស់ ជាជាងជ្រើសរើសសំលៀកបំពាក់ដែលមានតម្លៃថោក។ ជាងនេះទៅទៀតលោក Miriam Diamond ក៏បានស្នើឲ្យអាជ្ញាធរកាណាដាត្រូវធ្វើការរឹតបន្តឹងការនាំទំនិញមកពីប្រទេសចិនផងដែរ ដោយត្រូវពិនិត្យអំពីគុណភាពនៃទំនិញឲ្យបានច្បាស់លាស់មុននឹងសម្រចឲ្យទំនិញទាំងនោះចូលមកក្នុងទឹកដីកាណាដា៕

អត្ថបទ៖ ភក្តី
ប្រភព៖ cbc