ចិនកាត់ទោសឲ្យមនុស្ស ២០នាក់ជាប់គុកពី ២-២០ឆ្នាំ ក្រោយពួកគេបានប្រព្រឹត្តអំពើពុករលួយរហូតធ្វើអាគារសម្រាប់ធ្វើចត្តាឡីស័កមួយកន្លែងត្រូវដួលរលំនិងសម្លាប់មនុស្សជាច្រើននាក់
ចិន៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ទី១៩ ខែតុលា ម្សិលមិញនេះ តុលាការចិនបានសម្រេចកាត់ទោសឲ្យមនុស្សចំនួន ២០ ជាប់គុកក្នុងរយៈពេលផ្សេងៗគ្នាជុំវិញករណីប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធរហូតធ្វើឲ្យសណ្ឋាគារដែលជាកន្លែងធ្វើចត្តាឡីស័កមួយកន្លែងត្រូវដួលរលំនិងបានសម្លាប់មនុស្សជាច្រើននាក់។ គួររម្លឹកថា សណ្ឋាគារមួយកន្លែងនេះមានឈ្មោះថា Xinjia ជាសណ្ឋាគារប្រណិតដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Quanzhou ភាគខាងត្បូងប្រទេសចិន ហើយកាលពីឆ្នាំកន្លងទៅ សណ្ឋាគារមួយនេះត្រូវគេប្រើប្រាស់ជាកន្លែងធ្វើចត្តាឡីស័កសម្រាប់អ្នកសង្ស័យថាបានឆ្លងជំងឺកូវីដ ១៩។

នៅយប់ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២០ ស្រាប់តែសណ្ឋាគារមានកម្ពស់ ៧ជាន់នេះបានដួលរលំទាំងស្រុងទាំងតែម្តង និងបានបង្កឲ្យមានមនុស្សចំនួន ២៩ នាក់ត្រូវស្លាប់បាត់បង់ជីវិត ខណៈ ៥០នាក់ផ្សេងទៀតត្រូវរងរបួសធ្ងន់ធ្ងរ។ ក្រោយកើតមានហេតុការណ៍អកុសលនេះ អាជ្ញាធរចិនក៏បានបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់និងនៅទីបំផុតគេបានរកឃើញថា មូលហេតុដែលធ្វើឲ្យសណ្ឋាគារត្រូវដួលរលំដូចនេះគឺដោយសារមានការប្រព្រឹត្តអំពើពុករលួយលួចសាងសង់សណ្ឋាគារចំនួន ៣ជាន់បន្ថែមទៀត ខណៈតាមស្តង់ដាបច្ចេកទេសសណ្ឋគារនេះមានគ្រឹះសម្រាប់សាងសង់តែ ៤ជាន់ប៉ុណ្ណោះ។ កត្តានេះហើយដែលធ្វើឲ្យសំណង់សណ្ឋាគារទាំងមូលគ្មានគុណភាពតាមកម្រិតស្តង់ដាបច្ចេកទេសនោះទេ។ ចំពោះក្រុមជនសង្ស័យដែលបានប្រព្រឹត្តអំពើពុករលួយនេះគឺមានចំនួន ២០នាក់ ដោយក្នុងនោះអ្នកគ្រប់គ្រងសណ្ឋាគារម្នាក់ត្រូវជាប់គុកចំនួន ២០ឆ្នាំ មនុស្ស ១២នាក់ត្រូវជាប់គុក ២ឆ្នាំកន្លះ និងក្រៅពីនេះគឺត្រូវជាប់គុករយៈពេល ១៣ឆ្នាំ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia