ក្រុមហ៊ុន Apple តម្រូវឲ្យបុគ្គលិកដែលមិនបានទៅចាក់វ៉ាក់សាំងកូវីដត្រូវធ្វើតេស្តរាល់ថ្ងៃមុនពេលចូលធ្វើការងារ
យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Engadget បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple គ្រោងនឹងដាក់ចេញនូវវិធានការតឹងរឹងមួយចំពោះក្រុមបុគ្គលិកដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដោយក្រុមហ៊ុននឹងតម្រូវឲ្យក្រុមបុគ្គលិកទាំងនេះត្រូវតែធ្វើតេស្តជារៀងរាល់ថ្ងៃដែលត្រូវមកធ្វើការងារតែម្តង។ វិធានការខាងលើនេះគឺជាវិធានការតឹងរឹងចុងក្រោយមួយ បន្ទាប់ពីក្រុមហ៊ុនបានសម្រេចអនុវត្តវិធានការជាច្រើនរួចមកហើយចាប់តាំងពីកើតមានវិបត្តិនៃការរាតត្បាតជំងឺកូវីដ ១៩ មក។ ដំបូងឡើយក្រុមហ៊ុន Apple បានសម្រេចឲ្យបុគ្គលិកធ្វើការងារនៅតាមផ្ទះ ក្រោយមកទៀតខាងក្រុមហ៊ុនក៏លើកទឹកចិត្តឲ្យបុគ្គលិកខ្លួនទៅចាក់វ៉ាក់សាំង ដើម្បីអាចត្រលប់មកធ្វើការងារជុំគ្នានៅក្រុមហ៊ុនជាធម្មតាវិញ។

យ៉ាងណាក្តី បុគ្គលិកមួយចំនួនមិនបានទៅចាក់វ៉ាក់សាំងនោះទេ ហើយពួកគេក៏បានត្រលប់មកធ្វើការងារជាធម្មតាវិញដូចគេដូចឯងអីចឹងដែរ ខណៈខាងក្រុមហ៊ុនតម្រូវឲ្យអ្នកដែលមិនបានចាក់វ៉ាក់សាំងទាំងនោះត្រូវធ្វើតេស្ត ២ដងក្នុងមួយសប្តាហ៍។ បើទោះជាមានពលរដ្ឋស្ទើរតែពេញពិភពលោកទៅចាក់វ៉ាក់សាំងរួចហើយក្តី តែរហូតមកទល់នឹងពេលនេះបុគ្គលិករបស់ក្រុមហ៊ុន Apple មួយចំនួននៅតែមិនព្រមទៅចាក់វ៉ាក់សាំងដដែល ដូចនេះហើយទើបខាងក្រុមហ៊ុនសម្រេចដាក់ដេញវិធានការតឹងរឹងចុងក្រោយតែម្តងគឺតម្រូវឲ្យពួកគេត្រូវធ្វើតេស្តរាល់ថ្ងៃតែម្តង។ គួររម្លឹកថា កាលពីពេលថ្មីៗនេះក្រុមហ៊ុន Google ក៏បានដាក់ចេញនូវវិធានការតឹងរឹងមួយចំពោះបុគ្គលិកខ្លួនដែរ ដោយក្រុមហ៊ុនមួយនេះតម្រូវឲ្យបុគ្គលិកទាំងត្រូវតែទៅចាក់វ៉ាក់សាំងតែម្តង ទើបក្រុមហ៊ុនអនុញ្ញាតឲ្យបន្តធ្វើការងារទៀត៕

អត្ថបទ៖ ភក្តី
ប្រភព៖ Engadget