អាជ្ញាធរថៃបង្ហាញពីយន្តការសំខាន់ៗចំនួន ៣ សម្រាប់ស្វាគមន៍អ្នកដំណើរអន្តរជាតិនៅដើមខែវិច្ឆិកាខាងមុខនេះ
ថៃ៖ រដ្ឋាភិបាលនៃប្រទេសថៃបានប្រកាសជាផ្លូវការហើយថា ប្រទេសថៃនឹងបើកប្រទេសឡើងវិញនៅថ្ងៃទី ១ ខែវិច្ឆិកាខាងមុខនេះ ដោយនៅក្នុងនោះជ្ញាធរថៃនឹងដាក់ចេញនូវយន្តការចំនួន ៣សំខាន់ៗផងដែរ ដើម្បីស្វាគមន៍ក្រុមអ្នកដំណើរអន្តរជាតិ។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា យន្តការសំខាន់ៗចំនួន ៣នោះរួមមាន៖
យន្តការទី១៖ “Test & Go” គឺជាវិធានការអនុវត្តចំពោះក្រុមអ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួចនិងមកពីប្រទេសមានហានិភ័យទាបក្នុងការរាតត្បាតជំងឺកូវីដ ១៩។ ក្រុមអ្នកដំណើរប្រភេទនេះត្រូវបង្ហាញប័ណ្ណបញ្ជាក់ថាបានចាក់វ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក និងត្រូវបង្ហាញលទ្ធផលតេស្តអវិជ្ជមានដែលបានធ្វើក្នុងរយៈ ៧២ មុនពេលទៅដល់ប្រទេសថៃ ហើយពេលទៅដល់ប្រទេសថៃភ្លាមពួកគេត្រូវធ្វើតេស្តដោយម៉ាស៊ីន RT-PCR (ម៉ាស៊ីនធំ) ម្តងទៀតផងដែរ។ ក្នុងអំឡុងពេលរង់ចាំលទ្ធផលតេស្ត ក្រុមអ្នកដំណើរទាំងនេះត្រូវស្នាក់នៅក្នុងសណ្ឋាគារសិន ហើយបន្ទាប់ពីការធ្វើតេស្តបង្ហាញថាពួកគេអវិជ្ជមាន គឺពួកគេអាចធ្វើដំណើរបានគ្រប់ទីកន្លែងនៅក្នុងប្រទេសថៃ ខណៈពួកគេត្រូវតម្កល់ប្រាក់ធានាសម្រាប់ព្យាបាលជំងឺកូវីដ ១៩ ចំនួន ៥ម៉ឺនដុល្លារ។

យន្តការទី ២៖ “Living in Blue Zone” អនុវត្តចំពោះអ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួចមកពីគ្រប់ប្រទេស។ ក្រុមអ្នកដំណើរប្រភេទនេះត្រូវបង្ហាញលទ្ធផលតេស្តអវិជ្ជាមានមុនពេលទៅដល់ប្រទេសថៃនិងធ្វើតេស្តម្តងទៀតពេលទៅដល់ប្រទេសថៃភ្លាម។ ពួកគេមិនតម្រូវឲ្យធ្វើចត្តាឡីស័កនោះទេ តែក្នុងរយៈពេល ៧ ថ្ងៃដំបូងក្រោយពេលទៅដល់ទឹកដីថៃ ពួកគេត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរតែក្នុងតំបន់ខៀវដែលកំណត់ដោយអាជ្ញាធរថៃ ខណៈតំបន់ខៀវនោះគឺគ្របដណ្តប់លើខេត្តចំនួន ១៧របស់ថៃប៉ុណ្ណោះ។ នៅថ្ងៃទី ៦ ឬទី ៧ ក្រោយពេលទៅដល់ប្រទេសថៃ ក្រុមអ្នកដំណើរប្រភេទនេះត្រូវតម្រូវឲ្យធ្វើតេស្តកូវីដ ១៩ ម្តងទៀតផងដែរ។ សុំបញ្ជាក់ថា តំបន់ខៀវដែលកំណត់ដោយអាជ្ញាធរថៃនោះគឺ ខេត្តទេសចរណ៍ដែលមានពលរដ្ឋជាង ៧០% បានទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចហើយ។
យន្តការទី ៣៖ “Happy Quarantine” អនុវត្តចំពោះគ្រប់អ្នកដំណើរមកពីគ្រប់ប្រទេស ដោយអ្នកដំណើរដែលបានជ្រើសរើសយន្តការមួយនេះមិនគឺមិនតម្រូវឲ្យបំពេញលក្ខខណ្ឌអ្វីច្រើនឡើយ ក្រៅតែពីធ្វើចត្តាឡីស័ករយៈពេល ១០ ថ្ងៃ ក្រោយពេលទៅដល់ប្រទេសថៃភ្លាម។ គួរបញ្ជាក់ជូនថា ការសម្រេចបើកប្រទេសឡើងវិញនេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍ឲ្យចូលមកកំសាន្តក្នុងប្រទេសថៃ ខណៈចំណូលពីវិស័យទេសចរណ៍គឺជាប្រភពដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចជាតិថៃផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍