ថៃសម្រេចឲ្យមានការចាក់វ៉ាក់សាំងបង្ការកូវីដចំពោះអ្នកជំងឺកូវីដ ១៩ ដោយគោរពតាមលក្ខខណ្ឌមួយចំនួននេះ
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ក្រសួងសុខាភិបាលនៃប្រទេសថៃបានសម្រេចឲ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចំពោះអ្នកជំងឺកូវីដ ១៩ ហើយ តែការចាក់នោះត្រូវធ្វើឡើងក្រោយពីក្រុមអ្នកជំងឺកូវីដ ១៩ បានជាះស្បើយពីជំងឺ ១០០% បានរយៈពេល ១ខែ។ បើតាមលោកវេជ្ជបណ្ឌិត Sophon Mekthon ដែលជាជំនួយការនៃក្រសួងសុខាភិបាលថៃបានឲ្យដឹងថា ជម្រើសនៃការចាក់វ៉ាក់សាំងជូនអ្នកជំងឺកូវីដ ១៩ ដែលទើបជាសះស្បើយនេះនឹងត្រូវអនុវត្តចំពោះអ្នកជំងឺដែលមិនទាន់បានចាក់វ៉ាក់សាំងទាល់តែសោះ និងអ្នកជំងឺដែលបានចាក់ដូសទី ១រួចហើយ តែបានឆ្លងកូវីដ ១៩ ក្នុងអំឡុងពេលរង់ចាំចាក់ដូសទី ២។

យ៉ាងណាក្តីលោកវេជ្ជបណ្ឌិតរូបនេះបានបញ្ជាក់ថា ចំពោះអ្នកជំងឺកូវីដ ១៩ ដែលបានចាក់វ៉ាក់សាំងចំនួន ២ដូសរួចហើយ គេនៅមិនទាន់បានសិក្សាអំពីជម្រើសនៃការចាក់វ៉ាក់សាំងដូសទី ៣ ឬដូសជម្រុញសម្រាប់ពួកគេឡើយ ក្រោយពេលដែលពួកគេបានជាសះស្បើយពីជំងឺកូវីដ ១៩រួច។ ចំពោះប្រភេទវ៉ាក់សាំងដែលគេនឹងប្រើប្រាស់សម្រាប់ចាក់ឲ្យក្រុមពលរដ្ឋប្រភេទនេះវិញគឺអាជ្ញាធរថៃបានកំណត់ជ្រើសរើសវ៉ាក់សាំងតែ ២ប្រភេទប៉ុណ្ណោះគឺវ៉ាក់សាំងPfizer របស់អាមេរិក និងវ៉ាក់សាំង AstraZeneca របស់អង់គ្លេស ខណៈពេលបច្ចុប្បន្ននេះមានវ៉ាក់សាំង AstraZeneca មួយចំនួនក៏ត្រូវបានផលិតឡើងនៅក្នុងប្រទេសថៃផ្ទាល់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍