ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមកម្មករនៅកូរ៉េខាងត្បូងរាប់ម៉ឺននាក់នាំគ្នាពាក់ឈុតដូចក្នុងរឿង “Squid Game” ដើម្បីទាមទារផ្លាស់ប្តូរលក្ខខណ្ឌការងារមួយចំនួន

    BY Pheakdey October 23, 2021
    ក្រុមកម្មករនៅកូរ៉េខាងត្បូងរាប់ម៉ឺននាក់នាំគ្នាពាក់ឈុតដូចក្នុងរឿង “Squid Game” ដើម្បីទាមទារផ្លាស់ប្តូរលក្ខខណ្ឌការងារមួយចំនួន

    កូរ៉េខាងត្បូង៖ ក្រុមកម្មករនៅក្នុងប្រទេសកូរ៉េខាងត្បូងរាប់ម៉ឺននាក់បាននាំគ្នាចុះថ្នល់ធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលធ្វើការផ្លាស់ប្តូរលក្ខខណ្ឌការងារមួយចំនួនសម្រាប់ពួកគេ ហើយអ្វីដែលគួរឲ្យកត់សម្គាល់គឺពួកគេបានស្លៀកពាក់ឈុតដូចតួសម្តែងនៅក្នុងរឿង “Squid Game” ដូចៗគ្នាតែម្តង។ ​បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា ក្រុមកម្មករទាំងនោះមានចំនួនប្រមាណជា ៨០,០០០ នាក់ ជាសមាជិកនៃសហព័ន្ធសហជីពកម្មករកូរ៉េខាងត្បូង ហើយពួកគេបានធ្វើដំណើរមកពីក្រុងចំនួន ១៣ ផ្សេងគ្នាដើម្បីមកធ្វើការតវ៉ានេះ។

    អ្វីដែលជាការចង់បានរបស់ក្រុមកម្មរនោះមានដូចជា ដំឡើងប្រាក់ឈ្នួលអប្បបរមា ផ្តល់លក្ខខណ្ឌការងារល្អប្រសើរជាងមុនចំពោះក្រុមកម្មករមិនពេញសិទ្ធ (កម្មករធ្វើការងារបណ្តោះអាសន្ន) និងកំណត់ចំនួនម៉ោងធ្វើការងារឲ្យបានជាក់លាក់ ព្រោះកម្មករខ្លះត្រូវធ្វើការងាររហូតដល់ ៤៤,៦ ម៉ោងក្នុងមួយសប្តាហ៍ ខណៈនាពេលកន្លងមកម៉ោងធ្វើការងារជាមធ្យមរបស់ក្រុមកម្មករគឺ ៣២,៨ ម៉ោងប៉ុណ្ណោះក្នុងមួយសប្តាហ៍។ គួរបញ្ជាក់ថា ការធ្វើបាតុកម្មនោះគឺជាការទាមទារបែបអហឹង្សា ដែលធ្វើឡើងត្រឹមត្រូវស្របតាមច្បាប់ ដូចនេះហើយទើបគ្មានការបង្ក្រាបពីអាជ្ញាធរ និងគ្មានអ្នកណាម្នាក់ត្រូវចាប់ខ្លួនឬរងរបួសនោះទេ។ តែយ៉ាងណាក្តី អាជ្ញាធរកូរ៉េខាងត្បូងបានបង្ហាញនូវក្តីកង្វល់អំពីបញ្ហារាតត្បាតជំងឺកូវីដ ១៩ទៅវិញ ព្រោះក្រុមកម្មករ ទាំងនោះបានធ្វើការជួបជុំគ្នាដោយមិនរក្សាគម្លាតសង្គមទាល់តែសោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz

    Share This Post: