ជំនន់ទឹកភ្លៀងនៅវៀតណាមបានឆក់យកជីវិតពលរដ្ឋម្នាក់ ខណៈរាប់ពាន់ផ្សេងទៀតត្រូវជម្លៀសខ្លួនជាបន្ទាន់
វៀតណាម៖ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Channel News Asia បានឲ្យដឹងថា ជំនន់ទឹកភ្លៀងនៅតំបន់ភាគកណ្តាលនៃប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះបានធ្វើឲ្យពលរដ្ឋវៀតណាមរាប់ពាន់នាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់ ខណៈមានពលរដ្ឋម្នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់បាត់បង់ជីវិត។ បើយោងតាមរបាយការណ៍របស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាមបានបញ្ជាក់ថា តំបន់ដែលរងនូវការគំរាមគំហែងដោយទឹកជំនន់ខ្លាំងជាងគេនោះគឺខេត្ត Quang Nam ដោយគ្រាន់តែគិតក្នុងចុងសប្តាហ៍កន្លងទៅនេះមានពលរដ្ឋនៅក្នុងខេត្ត Quang Nam យ៉ាងតិចណាស់ ៤,៥០០ នាក់បានធ្វើការជម្លៀសខ្លួនរួចទៅហើយ ខណៈគេបានព្យាករណ៍ថាភ្លៀងនឹងបន្តធ្លាក់យ៉ាងច្រើនបន្ថែមទៀតក្នុងសប្តាហ៍នេះ។

គួរបញ្ជាក់ថា ទឹកជំនន់ដែលកំពុងគំរាមគំហែងប្រទេសវៀតណាមនេះគឺបង្កឡើងដោយប្រព័ន្ធសម្ពាធទាបត្រូពិចនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលឥទ្ធិពលនៃគ្រោះធម្មជាតិមួយនេះបានបង្កើតឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងជាច្រើនថ្ងៃជាប់ៗគ្នានៅក្នុងប្រទេសវៀតណាម ខណៈប្រទេសនៅក្នុងតំបន់អាស៊ានមួយចំនួនទៀតក៏បានរងនូវឥទ្ធិពលអាក្រក់នេះផងដែរគ្រាន់តែមានកម្រិតធូរស្រាលជាងវៀតណាម។ គួររម្លឹកផងដែរថា កាលពីឆ្នាំកន្លងទៅវៀតណាមក៏បានជួបប្រទះនូវគ្រោះធម្មជាតិដូចគ្នានេះផងដែរ ដោយពេលនោះជំនន់ទឹកភ្លៀងបានឆក់យកជីវិតពលរដ្ឋវៀតណាមរហូតដល់ ៣៧៨នាក់ឯណោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia