តុលាការសិង្ហបុរីសម្រេចដាក់គុកបុរសម្នាក់ដែលបន្លំទៅបើកម៉ាស់ជំនួយចំនួន ៦តែម្នាក់ឯង
សិង្ហបុរី៖ បុរសម្នាក់ត្រូវតុលាការសិង្ហបុរីកាត់ទោសឲ្យជាប់គុករយៈពេល ១សប្តាហ៍ បន្ទាប់ពីរូបគាត់បន្លំទៅបើកយកម៉ាស់ចំនួន ៦ ពីម៉ាស៊ីនផ្តល់ម៉ាស់ដោយស្វ័យប្រវត្តិនិងមិនគិតថ្លៃ ដែលអាជ្ញាធរសិង្ហបុរីបានដាក់នៅតាមទីសាធារណៈ។ បុរសដែលត្រូវឃុំខ្លួននេះមានឈ្មោះថា Lee Chee Horng អាយុ ៤២ឆ្នាំ ជាពលរដ្ឋនៃប្រទេសម៉ាឡេស៊ីដែលទទួលបានសិទ្ធស្នាក់នៅបណ្តោះអាសន្នក្នុងប្រទេសសិង្ហបុរីកាលពីដើមឆ្នាំ ២០២១នេះ ដែលនៅក្នុងអំឡុងពេលនោះសិង្ហបុរីកំពុងប្រឈមនឹងការរាត្បាតជំងឺកូវីដ ១៩យ៉ាងខ្លាំង។ ក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូវីដ ១៩ខ្លាំងនោះ មូលនិធិ Temasek Foundation របស់អាជ្ញាធរសិង្ហបុរីបានសម្រេចផ្តល់ម៉ាស់ចំនួន ១ ក្នុងមួយ ១ថ្ងៃ ទៅកាន់ពលរដ្ឋសិង្ហបុរីទាំងអស់ ដោយពលរដ្ឋម្នាក់ៗអាចទៅបើកយកម៉ាស់នោះពីម៉ាស៊ីនស្វ័យប្រវត្តិដែលអាជ្ញាធរបានដាក់នៅតាមទីប្រជុំជនសំខាន់ៗនៅទូទាំងប្រទេស។

ដើម្បីអាចទទួលបានម៉ាស់នោះបានគេត្រូវបញ្ចូលលេខកូដសម្ងាត់និងប្រើប្រាស់ប័ណ្ណមួយចំនួន ដែលអាជ្ញាធរបានផ្តល់ជូនពលរដ្ឋដាច់ដោយឡែកពីគ្នាដើម្បីធានាបានថា ពលរដ្ឋម្នាក់អាចទៅបើកម៉ាស់បានតែមួយប៉ុណ្ណោះក្នុងមួយថ្ងៃ។ ដោយឡែកសម្រាប់លោក Lee Chee Horng វិញ គឺគាត់បានលួចយកលេខកូដពីម្ចាស់ផ្ទះជួលរបស់គាត់និងមិត្តភក្តិជាជនជាតិសិង្ហបុរីសរុបចំនួន ៦នាក់ ដើម្បីទៅបើកយកម៉ាស់ចំនួន ៦តែម្នាក់ឯង ហើយខណៈពេលដែលម្ចាស់លេខកូដពិតប្រាកដទៅបើកម៉ាស់គឺបើកមិនបានទៀតនោះដោយម៉ាស៊ីនបានបញ្ជាក់ថា បើករួចហើយ។ បញ្ហាខុសប្រក្រតីនេះក៏នាំឲ្យមានការស៊ើបអង្កេត ហើយនៅទីបំផុតគេក៏បានរកឃើញថា លោក Lee Chee Horng ជាអ្នកនៅពីក្រោយភាពខុសប្រក្រតីនេះ ដោយរូបគាត់បានទៅបើកម៉ាស់រហូតដល់ ៦តែម្នាក់ក្នុងថ្ងៃតែមួយ។ សូមបញ្ជាក់ថា ម៉ាស់នោះជាប្រភេទម៉ាស់មានគុណភាពខ្ពស់ដោយម៉ាស់មួយមានតម្លៃ ១០ដុល្លារសិង្ហបុរី (៧,៤០ ដុល្លារអាមេរិក) ដូចនេះបទល្មើសដែលលោក Lee Chee Horng បានប្រព្រឹត្តឡើងគឺមានទំហំជាទឹកប្រាក់សរុប ៦០ដុល្លារសិង្ហបុរី (៤៤,៥០ ដុល្លារអាមេរិក) ប៉ុណ្ណោះ៕


អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia