អ្នកជំនាញព្រមានថា ផែនការកំណត់ឲ្យការចាក់វ៉ាក់សាំងកូវីដក្លាយជាកាតព្វកិច្ចនឹងធ្វើឲ្យអង់គ្លេសបាត់បង់បុគ្គលិកសុខាភិបាលប្រមាណជា ១សែននាក់
អង់គ្លេស៖ សមាគមវេជ្ជសាស្ត្រអង់គ្លេសបានព្រមានថា ផែនការរបស់រដ្ឋាភិបាលអង់គ្លេសដែលគ្រោងនឹងកំណត់ឲ្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ក្លាយជាកាតព្វកិច្ចសម្រាប់ក្រុមបុគ្គលិកសុខាភិបាលនោះនឹងធ្វើឲ្យបាត់បង់បុគ្គលិកសុខាជាច្រើននាក់ ខណៈនាពេលបច្ចុប្បនេះអង់គ្លេសកំពុងខ្វះខាតបុគ្គលិកសុខាភិបាលយ៉ាងច្រើនរួចទៅហើយ។ បើតាមលោកវេជ្ជបណ្ឌិត Chaand Nagpaul ដែលជាប្រធានក្រុមប្រឹក្សានៃសមាគមវេជ្ជសាស្ត្រអង់គ្លេសបានបញ្ជាក់ថា គិតត្រឹមពេលនេះមានបុគ្គលិកសុខាភិបាលអង់គ្លេសប្រមាណជា ១០០,០០០ នាក់ ដែលមានទាំងវេជ្ជបណ្ឌិតជំនាញនិងគិលានុបដ្ឋាយិកាផងនោះនៅមិនទាន់បានចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ នៅឡើយទេ។

ដើម្បីជំរុញឲ្យបុគ្គលិកទាំងនេះទៅចាក់វ៉ាក់សាំងកូវីដ ១៩ រដ្ឋាភិបាលនៃប្រទេសអង់គ្លេសគ្រោងនឹងដាក់ចេញនូវវិធានការតឹងរឹងមួយដោយកំណត់ថា បុគ្គលិកសុខាភិបាលណាដែលមិនទៅចាក់វ៉ាក់សាំងនឹងត្រូវបាត់បង់ការងារតែម្តង។ ជុំវិញបញ្ហានេះលោកវេជ្ជបណ្ឌិត Chaand Nagpaul បានព្យាករណ៍ថា ក្រុមបុគ្គលិកសុខាភិបាលដែលមិនទាន់បានចាក់វ៉ាក់សាំងទាំង ១០០,០០០ នាក់នោះអាចនឹងសម្រេចចិត្តបោះបង់ការងារចោលតែម្តង ជំនួសឲ្យការទៅចាក់វ៉ាក់សាំងដែលខុសពីការសម្រេចរបស់ពួកគេ។ លោកវេជ្ជបណ្ឌិតរូបនេះបានបង្ហាញនូវក្តីបារម្ភថា បើអង់គ្លេសត្រូវបាត់បង់បុគ្គលិកសុខាភិបាលរហូតដល់ ១០០,០០០ នាក់នោះគឺវានឹងធ្វើឲ្យប៉ះពាល់ដល់វិស័យសុខាភិបាលនៅទូទាំងប្រទេសយ៉ាងខ្លាំង ដ្បិតនៅក្នុងពេលបច្ចុប្បន្ននេះអាជ្ញាធរសុខាភិបាលអង់គ្លេសកំពុងខ្វះខាតវេជ្ជបណ្ឌិតប្រមាណជា ១០,០០០ នាក់និងគិលានុបដ្ឋាយិកាចំនួន ៤០,០០០នាក់រួចស្រាប់ទៅហើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Daily Mail