ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដជាង ៧ពាន់នាក់បន្ថែមទៀត ខណៈតួលេខអ្នកឆ្លងសរុបកើនជិតដល់ ២លាននាក់
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៧,៤៩៦នាក់ ដែលចំនួននេះមានការកើនឡើងបន្តិចបើធៀបទៅនឹងថ្ងៃម្សិលមិញ ដោយកាលពីថ្ងៃពុធ ទី១០ កន្លងទៅនេះតួលេខអ្នកឆ្លងនៅទូទាំងប្រទេសថៃមានត្រឹមចំនួន ៦,៩៧៨នាក់ប៉ុណ្ណោះ។ ក្រៅតែពីបានរកឃើញអ្នកឆ្លងថ្មី អាជ្ញាធរសុខាភិបាលថៃក៏បានកត់ត្រាចំនួនអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ចំនួន ៥៧នាក់បន្ថែមទៀតផងដែរ សម្រាប់របាយការណ៍ក្នុងថ្ងៃនេះ។

ទន្ទឹមនឹងការរកឃើញអ្នកឆ្លងថ្មី កាលពីថ្ងៃម្សិលមិញនេះក៏មានអ្នកជំងឺចំនួន ៧,៤៥២នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយ ១០០% និងត្រូវបានអាជ្ញាធរថៃអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យត្រលប់ទៅផ្ទះវិញផងដែរ។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១,៩៩៦,៩៦៩ នាក់ អ្នកស្លាប់សរុបចំនួន ១៩,៨៨៣នាក់ ខណៈអ្នកជំងឺដែលត្រូវបានព្យាបាលឲ្យជាសះស្បើយសរុបមានចំនួន ១,៨៨០,៦៣៦ នាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍