ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកបើករថភ្លើងនៅជប៉ុនម្នាក់សម្រេចប្តឹងក្រុមហ៊ុនដែលបានកាត់ប្រាក់ខែគាត់ ២,០០០រៀល ព្រោះគាត់បើករថភ្លើងមកចំណតយឺតពេល ១នាទី

    BY Pheakdey November 11, 2021
    អ្នកបើករថភ្លើងនៅជប៉ុនម្នាក់សម្រេចប្តឹងក្រុមហ៊ុនដែលបានកាត់ប្រាក់ខែគាត់ ២,០០០រៀល ព្រោះគាត់បើករថភ្លើងមកចំណតយឺតពេល ១នាទី

    ជប៉ុន៖ បុរសជាអ្នកបើករថភ្លើងនៅក្នុងប្រទេសជប៉ុនម្នាក់បានសម្រេចប្តឹងតវ៉ាជាមួយនឹងក្រុមហ៊ុនរបស់គាត់ ព្រោះភាគីខាងក្រុមហ៊ុនបានកាត់ប្រាក់ខែគាត់ចំនួន ៥៦​ យេន (២,០០០ រៀល) ក្រោយរូបគាត់បានបើករថភ្លើងដែលគ្មានមនុស្សជិះសោះមកកាន់ចំណតយឺតពេល ១នាទី។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន​ BBC បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុមហ៊ុនរថភ្លើងមួយដែលមានឈ្មោះថា Train Company JR West និងបានកើតឡើងកាលពីអំឡុងឆ្នាំ ២០២០​ ម្លះ តែរហូតមកទល់នឹងពេលនេះបញ្ហាចម្រូងចម្រាសដែលមានទំហំទឹកប្រាក់តិចតួចមួយនេះមិនទាន់បិទបញ្ចប់ឲ្យដាច់ស្រេចនៅឡើយទេ។

    ប្រភពខាងលើបានរម្លឹកហេតុការណ៍នេះថា នៅក្នុងថ្ងៃកើតហេតុនោះបុរសជាម្ចាស់បណ្តឹងតវ៉ានេះបានបើករថភ្លើងដែលគ្មានមនុស្សជិះចេញពីស្ថានីយ៍ទៅកាន់ចំណត Okayama ដោយយឺតពេល ១នាទី ហើយពេលមកដល់ចំណតនេះគឺគេបានប្តូរអ្នកបើកបរផ្សេងម្នាក់ទៀតឲ្យបើកទៅដឹកភ្ញៀវនៅចំណតបន្ទាប់។

    ដូចនេះមានន័យថា ដើម្បីទៅដល់ចំណតបន្ទាប់ដែលមានភ្ញៀវចាំជិះនោះគឺរថភ្លើងមួយនេះក៏ត្រូវទៅដល់យឺត ១នាទីទៀតផងដែរ។ តាមរយៈកំហុសនៃការបើកបរនេះភាគីខាងក្រុមហ៊ុនបានសម្រេចកាត់ប្រាក់ខែរបស់គាត់កាលពីពេលថ្មីៗនេះចំនួន ៥៦​ យេន (២,០០០ រៀល)  ហើយបុរសជាអ្នករថភ្លើងរូបនេះក៏បានប្តឹងតបវិញតែម្តង ព្រោះគាត់គិតថាក្នុងពេលដែលគាត់បើករថភ្លើងយឺតនោះគឺគ្មានមនុស្សជិះនោះទេ ខណៈខាងក្រុមហ៊ុនអះអាងព្រោះគាត់មកយឺតទើបធ្វើឲ្យមានភាពយឺតយ៉ាវ ១នាទីនៅចំណតបន្ទាប់ទៀត បើទោះជាពេលនោះគាត់មិនបានបើកផ្ទាល់ក៏ដោយ។

    គួរបញ្ជាក់ថា រថភ្លើងនៅក្នុងប្រទេសជប៉ុនត្រូវបានគេចាត់ទុកថា ជារថភ្លើងដែលធ្វើដំណើរទៀងម៉ោងបំផុត ហើយជាធម្មតាបើរថភ្លើងមកយឺតលើសពី ៥នាទី គឺក្រុមអ្នកដំណើរនឹងដាក់ពាក្យប្តឹងតែម្តង​ ព្រោះវាបានធ្វើឲ្យខាតពេលវេលាធ្វើការងារឬរកប្រាក់ចំណូនរបស់ពួកគេផងដែរ។ សូមបញ្ជាក់ផងដែរថា សម្រាប់ការប្តឹងតវ៉ាខាងលើនេះគឺមិនមែនធ្វើឡើងព្រោះតែចង់ប្រាក់បន្តិចបន្តួចនេះទេ តែភាគីខាងក្រុមហ៊ុននិងអ្នកបើកបរសុទ្ធតែចង់បង្ហាញពីភាពត្រឹមត្រូវក្នុងការបំពេញភារកិច្ចឲ្យស្របតាមច្បាប់ការងាររៀងៗខ្លួនប៉ុណ្ណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ BBC

    Share This Post: