ក្រុងធំមួយរបស់ចិនសម្រេចផ្អាកនាំចូលអាហារក្លាសេមួយរយៈ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩
ចិន៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ទីក្រុងដ៏ធំមួយរបស់ប្រទេសចិនបានសម្រេចផ្អាកនាំចូលអាហារក្លាសេទាំងស្រុងមួយរយៈសិនដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩។ ក្រុងមួយនេះមានឈ្មោះថា Dalian គឺជាក្រុងពាណិជ្ជកម្មដ៏សំខាន់មួយនៅតំបន់ឆ្នេរសមុទ្រភាគខាងជើងប្រទេសចិន ហើយតាមធម្មតាអាហារសំខាន់ៗមួយចំនួនដូចជាគ្រឿងសមុទ្រ សាច់ និងផ្លែត្រូវគេដឹងឆ្លងកាត់កំពង់ផែក្នុងទីក្រុងមួយនេះសិន មុននឹងចែកចាយបន្តទៅកាន់តំបន់ផ្សេងៗទៀតនៅក្នុងប្រទេសចិន។

យ៉ាងណាក្តី ក្នុងរយៈពេលមួយសប្តាហ៍មកនេះអាជ្ញាធរសុខាភិបាលក្រុង Dalian បានកត់ត្រាចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ជាង ៨០ករណី ហើយភាគច្រើននៃករណីឆ្លងនោះគឺត្រូវបានរកឃើញក្នុងចំណោមកម្មករនៅក្នុងឃ្លាំងស្តុកទំនិញនៅកំពង់ផែ។ តាមការសន្និដ្ឋានរបស់អាជ្ញាធរសុខាភិបាលក្រុង Dalian គឺមេរោគនៃជំងឺកូវីដ ១៩ ទំនងជាបានចម្លងទៅកាន់ក្រុមកម្មករទាំងនោះតាមអាហារក្លាសេ ព្រោះមុនពេលឆ្លងជំងឺក្រុមកម្មករទាំងនោះមិនបានធ្វើដំណើរទៅជួបមនុស្សថ្មីឡើយក្រៅតែបានធ្វើការងារយ៉ាងជិតស្និតជាមួយនឹងអាហារក្លាសេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia