លោកស្រី Mako អតីតព្រះនាងម្ចាស់នៃប្រទេសជប៉ុនផ្តើមជីវិតថ្មីក្នុងនាមជារាស្រ្តសាមញ្ញជាមួយស្វាមីនៅទឹកដីអាមេរិក
អាមេរិក៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា លោកស្រី Mako Komuro ដែលជាអតីតព្រះនាងម្ចាស់នៃខ្សែរាជវង្សក្នុងប្រទេសជប៉ុនបានធ្វើដំណើរទៅដល់ទឹកដីអាមេរិកកាលពីថ្ងៃអាទិត្យទី ១៤ ខែវិច្ឆិកាម្សិលមិញនេះ ដោយលោកស្រីនឹងចាប់ផ្តើមជីវិតថ្មីក្នុងនាមជារាស្រ្តសាមញ្ញនៅទីនោះជាមួយនិងស្វាមី។ តាមគម្រោងគឺលោក Kei Komuro ដែលជាស្វាមីរបស់អតីតព្រះនាងម្ចាស់រូបនេះធ្វើការងារនៅក្នុងក្រុមហ៊ុនមេធាវីមួយកន្លែង ខណៈពួកគាត់ទាំង ២នឹងជួលអាផាតមិនមួយកន្លែងសម្រាប់រស់នៅ។

គួររម្លឹកថា លោកស្រី Mako Komuro និងស្វាមីដែលបច្ចុប្បន្នមានអាយុ ៣០ឆ្នាំដូចគ្នា បានស្គាល់គ្នានិងផ្តើមស្រលាញ់គ្នាក្នុងពេលរៀននៅមហាវិទ្យាល័យ ដោយពេលនោះលោកស្រី Mako Komuro នៅមានឋានៈជាព្រះនាងម្ចាស់នៅឡើយ។ ក្រោយមកពួកគាត់បានភ្ជាប់ពាក្យនៅក្នុងឆ្នាំ ២០១៧ និងបានរៀបការជាមួយគ្នាកាលពីជាង ១ ខែមុននេះ ខណៈជីវិតស្នេហារបស់ពួកគាត់ទាំង ២ត្រូវឆ្លងកាត់ឧបសគ្គនិងការរិះគន់ជាច្រើន ដ្បិតម្នាក់ជាខែរាជវង្សនិងម្នាក់ទៀតជារាស្រ្តសាមញ្ញ។ យោងទៅតាមច្បាប់នៃប្រទេសជប៉ុន ដើម្បីរៀបអភិសេកជាមួយប្រជារាស្រ្តបាន គឺព្រះនាងម្ចាស់ Mako Komuro ត្រូវបោះបង់ឋានៈជាព្រះនាងម្ចាស់ ពោលគឺគេត្រូវដកព្រះនាងត្រូវចេញពីបញ្ជីរាជវង្សានុវង្ស ទើបអាចរៀបការជាមួយរាស្រ្តសាមញ្ញបាន៕


អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍