អាជ្ញាធរចិននឹងធ្វើតេស្តកូវីដគ្រប់ពលរដ្ឋក្នុងក្រុងធំមួយរៀងរាល់ខែ ខណៈអ្នកខ្លះត្រូវធ្វើតេស្ត ៣ថ្ងៃម្តង
ចិន៖ កាសែត South China Moring Post បានរាយការណ៍ថា អាជ្ញាធរចិននឹងសម្រេចធ្វើតេស្តរកជំងឺកូវីដ ១៩ ទ្រង់ទ្រាយធំជារៀងរាល់ខែនៅក្នុងទីក្រុង Ruili នៃខេត្ត Yunnan ដែលទីក្រុងមួយនេះមានព្រំប្រទល់ជាប់នឹងប្រទេសមីយ៉ាន់ម៉ា។បើតាមរបាយការណ៍របស់អាជ្ញាធរចិនបានឲ្យដឹងថា ទីក្រុង Ruili មានពលរដ្ឋសរុបប្រមាណជា ២៨០ ០០០នាក់កំពុងរស់នៅ ខណៈអាជ្ញាធរចិនអះអាងថានឹងប្រើពេល ១ ថ្ងៃសម្រាប់ធ្វើតេស្តពលរដ្ឋទាំងអស់នេះ ហើយការធ្វើតេស្តនឹងត្រូវរៀបចំឡើងជារៀងរាល់ខែ។

ដោយឡែកសម្រាប់ពលរដ្ឋដែលស្ថិតក្នុងលក្ខខណ្ឌមួយចំនួនត្រូវមានកាលវិភាគធ្វើតេស្តដាច់ដោយឡែកផ្សេងមួយទៀត ដូចជាបុគ្គលិកសុខាភិបាលត្រូវធ្វើតេស្តរៀងរាល់ ៣ថ្ងៃម្តង អ្នកបម្រើការងារនៅក្នុងផ្សារត្រូវធ្វើតេស្តរៀងរាល់សប្តាហ៍ ហើយជនបរទេសឬអ្នកស្ថិតក្នុងលក្ខខណ្ឌដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺត្រូវធ្វើតេស្តរៀងរាល់ ២សប្តាហ៍ម្តង។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ការសម្រេចធ្វើតេស្តទ្រង់ទ្រាយធំដូចខាងលើនេះគឺជាវិធីតែមួយគត់ដែលគេអាចកាត់ផ្តាច់ចង្វាក់នៃរាតត្បាតជំងឺកូវីដ ១៩នៅក្នុងទីក្រុងមួយនេះបាន៕

អត្ថបទ៖ ភក្តី
ប្រភព៖ South China Moring Post