លោក គីម ជុងអ៊ុន សម្តែងនូវការកោតសរសើរចំពោះគម្រោងសាងសង់ “ទីក្រុងវប្បធម៌គំរូ” នៅតំបន់ក្បែរព្រំដែនប្រទេសចិន
កូរ៉េខាងជើង៖ ក្រោយបាត់មុខពីបណ្តាញសារព័ត៌មានប្រមាណជា ១ខែ នៅក្នុងថ្ងៃទី១៦ ខែវិច្ឆិកានេះ ប្រមុខដឹកនាំនៃប្រទេសកូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន បានបង្ហាញខ្លួនតាមបណ្តាញសារព័ត៌មានរដ្ឋជាថ្មី ដែលក្នុងការបង្ហាញខ្លួនលើកនេះគឺលោកបាននិយាយផ្តោតសំខាន់ចំពោះគម្រោងធំមួយគឺគម្រោងសាងសង់ “ទីក្រុងវប្បធម៌គំរូ”។ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ទីក្រុងដែលនឹងក្លាយជាក្រុងវប្បធម៌គំរូនោះគឺក្រុង Samjiyon ស្ថិតនៅតំបន់ជើងភ្នំ Mount Paektu និងជាតំបន់ដែលនៅជិតព្រំដែននៃប្រទេសចិន។

លោក គីម ជុងអ៊ុន បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះក្រុមការងារសាងសង់ទីក្រុងគំរូមួយនេះ ហើយលោកបានបញ្ជាក់ថាគម្រោងសាងសង់នេះគឺស្ថិតនៅក្រោមគោលការណ៍មួយរបស់រដ្ឋាភិបាលកូរ៉េខាងជើងគឺគោលការណ៍ “ឆន្ទៈដែក” ដែលកូរ៉េខាងជើងបានប្តេជ្ញាសម្រេចឲ្យខានតែបានក្នុងពេលដែលកូរ៉េខាងជើងកំពុងប្រឈមនឹងភាពឯកកោនិងសម្ពាធពីអន្តរជាតិ។ គួរបញ្ជាក់ថា តាមផែនការគឺគម្រោងសាងសង់ទីក្រុងគំរូមួយនេះនឹងត្រូវបិទបញ្ចប់ជាផ្លូវការនៅចុងឆ្នាំនេះហើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia