ដោយសាមានអ្នកជំងឺច្រើនពេក មន្ទីរពេទ្យនៅក្នុងប្រទេសស្លូវ៉ាគីនឹងផ្អាកទទួលអ្នកជំងឺដែលមិនបានចាក់វ៉ាក់សាំងកូវីដមួយរយៈសិន
ស្លូវ៉ាគី៖ ដោយសារតែនៅតាមមន្ទីរពេទ្យក្នុងប្រទេសស្លូវ៉ាគីបានផ្ទុកអ្នកជំងឺកូវីដ ១៩យ៉ាងច្រើនរួចទៅហើយនោះ អាជ្ញាធរសុខាភិបាលនៃប្រទេសស្លូវ៉ាគីគ្រោងនឹងដាក់ចេញវិធានការតឹងរឹងមួយដោយកំណត់ឲ្យខាងមន្ទីរពេទ្យផ្អាកទទួលអ្នកជំងឺដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ មួយរយៈសិន ឬទទួលក្នុងចំនួនតិចតួចបំផុត ដើម្បីទុកគ្រែពេទ្យដែលនៅសល់តិចតួចនោះសម្រាប់ព្យាបាលអ្នកជំងឺដែលបានចាក់វ៉ាក់សាំងរួចរាល់។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹង វិធានការខាងលើនេះនឹងត្រូវផ្តើមអនុវត្តចាប់ពីថ្ងៃទីព្រហស្បតិ៍ ទី១៨ ខែវិច្ឆកានេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មីពីអាជ្ញាធរ។

គួរបញ្ជាក់ថា ក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅតាមបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយក្នុងនោះស្លូវ៉ាគីមានតួលេខអ្នកឆ្លងថ្មីប្រចាំថ្ងៃប្រមាណជា ៦,៥០០ នាក់ក្នុងមួយថ្ងៃ ខណៈប្រទេសមួយនេះមានពលរដ្ឋសរុបចំនួន ៥,៥លាននាក់ប៉ុណ្ណោះ។ គិតត្រឹមពេលនេះស្លូវ៉ាគីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបជាង ៥សែននាក់ ស្លាប់ជាង ១ម៉ឺននាក់ ខណៈអាជ្ញាធរសុខាភិបាលស្លូវ៉ាគីទើបសម្រេចការចាក់វ៉ាក់សាំងកូវីដ ១៩ ជូនពលរដ្ឋខ្លួនរួចរាល់បានត្រឹម ៤២% ប៉ុណ្ណោះនៃចំនួនពលរដ្ឋសរុប៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia