ចិនអាចមានថ្នាំកូវីដ ១៩ ជាលើកដំបូងរបស់ខ្លួននៅចុងឆ្នាំនេះ
ចិន៖ កាសែត South China Moring Post បានចុះផ្សាយថា ចិនអាចនឹងមានថ្នាំកូវីដ ១៩ ជាលើកដំបូងរបស់ខ្លួននៅចុងឆ្នាំ ២០២១ នេះ។ ថ្នាំកូវីដ ១៩ របស់ប្រទេសចិនត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមអ្នកវិទ្យសាស្រ្តចិននិងអាមេរិកមកពីសាកលវិទ្យាល័យ Tsinghua University និងមន្ទីរពេទ្យ Third People’s Hospital of Shenzhen។

ប្រភពខាងលើបានបញ្ជាក់ថា ថ្នាំកូវីដ ១៩ នេះនឹងត្រូវផលិតឡើងដោយក្រុមហ៊ុនផលិតឱសថមួយមានឈ្មោះថា Brii Biosciences ដែលជាប្រភេទក្រុមហ៊ុនពហុជាតិ ពោលគឺក្រុមហ៊ុនមួយនេះមានមូលដ្ឋាននៅក្នុងប្រទេសចិនផង និងនៅសហរដ្ឋអាមេរិកផង។ រហូតមកទល់នឹងពេលនេះក្រុមហ៊ុន Brii Biosciences បានដាក់ពាក្យសុំការអនុញ្ញាតឲ្យមានការប្រើប្រាស់ថ្នាំរបស់ខ្លួនទៅកាន់អាជ្ញាធរសុខាភិបាលចិនរួចហើយ ខណៈគេរំពឹងថាសេចក្តីអនុម័តផ្លូវការអាចនឹងកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ក្រោយនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ South China Moring Post