ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរថៃបង្រ្កាបករណីប្រណាំងម៉ូតូខុសច្បាប់ទ្រង់ទ្រាយធំហើយរឹបអូសបានម៉ូតូកែច្នៃជិត ២ម៉ឺនគ្រឿងនិងចាប់ខ្លួនក្រុមក្មេងស្ទាវជិត ១ពាន់នាក់

    BY Pheakdey November 23, 2021
    អាជ្ញាធរថៃបង្រ្កាបករណីប្រណាំងម៉ូតូខុសច្បាប់ទ្រង់ទ្រាយធំហើយរឹបអូសបានម៉ូតូកែច្នៃជិត ២ម៉ឺនគ្រឿងនិងចាប់ខ្លួនក្រុមក្មេងស្ទាវជិត ១ពាន់នាក់

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា​កាលពីពេលថ្មីៗនេះអាជ្ញាធរថៃបានចុះបង្រ្កាបករណីក្រុមក្មេងស្ទាវប្រណាំងម៉ូតូខុសច្បាប់ទ្រង់ទ្រាយធំមួយហើយអាចរឹបអូសបានម៉ូតូជិត ២ម៉ឺនគ្រឿងនិងធ្វើការឃាត់ខ្លួនក្រុមអ្នកប្រណាំងម៉ូតូលើដងផ្លូវសារធាណៈខុសច្បាប់ជិត ១ពាន់នាក់។ ជាងនេះទៅទៀតអាជ្ញាធរថៃក៏បានចេញលិខិតព្រមានជាផ្លូវការទៅកាន់ឪពុកម្តាយរបស់ក្រុមក្មេងស្ទាវទាំងអស់នោះប្រមាណជា ២,៥០០នាក់ផងដែរ ខណៈមានយានដ្ឋានចំនួន ១៨២​កន្លែងក៏ត្រូវទទួលបានលិខិតព្រមានពីអាជ្ញាធរដូចគ្នាដែរ ព្រោះយានដ្ឋានទាំងនោះបានផ្តល់សេវាកែច្នៃម៉ូតូប្រណាំងខុសច្បាប់ទាំងនោះ។

    បើតាមនាយឧត្តមសេនីយ៍ Damrongsak Kittipraphat អគ្គស្នងការរងនគរបាលជាតិនិងជាប្រធានមជ្ឈមណ្ឌលបង្រ្កាបការប្រណាំងតាមដងផ្លូវសាធារណៈបានបញ្ជាក់ថា ការបង្ក្រាបនេះត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២០​ ខែវិច្ឆិកានេះ និងត្រូវបានធ្វើឡើងតាមដងផ្លូវសំខាន់ៗជាច្រើន ហើយយានយន្តដែលគេអាចរឹបអូសបានជាក់ស្តែងនោះរួមមាន ម៉ូតូកែច្នៃចំនួន ១៩,០៤៦គ្រឿង រថយន្តចំនួន ១១៨ គ្រឿង និងចាប់ខ្លួនក្រុមអ្នកប្រណាំងជាក់ស្តែងចំនួន ៩២២ នាក់ និងចាប់ខ្លួនក្រុមអ្នករៀបចំការប្រណាំងចំនួន ១៣នាក់ផងដែរ។ នាយឧត្តមសេនីយ៍រូបនេះបានបន្តថា អាជ្ញាធរថៃកំពុងបន្តសហការណ៍ជាមួយក្រុមអ្នកមានឥទ្ធិពលនៅតាមបណ្តាញអ៊ីនធឺណិត (Internet Influencers) ដើម្បីធ្វើការព្រមានជុំវិញករណីនេះឲ្យកាន់តែមានភាពទូលំទូលាយ ដើម្បីទប់ស្កាត់កុំឲ្យយុវជនជំនាន់ក្រោយៗទៀតបន្តធ្វើសកម្មភាពខុសច្បាប់នេះទៀត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: