អាជ្ញាធរថៃគ្រោងចាត់វិធានការតឹងរឹងជាមួយក្រុមពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Nation Thailand បានឲ្យដឹងថា អាជ្ញាធរថៃគ្រោងនឹងចាត់វិធានការតឹងរឹងជាមួយក្រុមពលរដ្ឋដែលមិនបានទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ក្រោយអាជ្ញាធររកឃើញថា ក្រុមពលរដ្ឋដែលមិនបានទៅចាក់វ៉ាក់សាំងទាំងនោះអាចជាភ្នាក់ងារចម្លងមេរោគយ៉ាងសកម្មនៅតាមសហគមន៍។ បើតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលថៃបានបង្ហាញថា គិតត្រឹមពេលនេះមានពលរដ្ឋថៃយ៉ាងយោចណាស់ ១០ លាននាក់ដែលមិនទាន់បានទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩សូម្បីតែមួយដូស ហើយនេះវាគឺជាតួលេខអ្នកមិនចាក់វ៉ាក់សាំងដ៏ច្រើនមួយ បើធៀបទៅនឹងចំនួនពលរដ្ឋគោលដៅដែលត្រូវមកចាក់វ៉ាក់សាំងនៅទូទាំងប្រទេសថៃ។

បើតាមលោកវេជ្ជបណ្ឌិត Kiattibhoom Vongrachit ដែលជាលេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលថៃបានឲ្យដឹងកាលពីថ្ងៃចន្ទ ទី២២ ខែវិច្ឆិកាម្សិលមិញនេះថា ប្រសិនបើក្រុមពលរដ្ឋទាំង ១០លាននាក់នេះមិនប្រញាប់ទៅចាក់វ៉ាក់សាំងនោះទេ អាជ្ញាធរសុខាភិបាលថៃក៏មិនអាចសម្រេចការចាក់វ៉ាក់សាំងតាមផែនការដែលបានគ្រោងទុកដែរ ខណៈតាមគម្រោងគឺអាជ្ញាធរសុខាភិបាលថៃរំពឹងនឹងចាក់វ៉ាក់សាំងជូនពលរដ្ឋឲ្យបាន ៧៥% នៃចំនួនពលរដ្ឋសរុបនៅត្រឹមចុងឆ្នាំ ២០២១ នេះ។ បើផែនការចាក់វ៉ាក់សាំងមិនអាចសម្រេចតាមការគ្រោងទុកនោះទេ គម្រោងនៃការបើកប្រទេសឲ្យត្រលប់មករកភាពធម្មតាវិញក៏មិនអាចធ្វើឡើងដោយរលូនដែរ។ លោកវេជ្ជបណ្ឌិតរូបនេះបានបញ្ជាក់ថា វិធានការដែលអាជ្ញាធរនឹងអនុវត្តចំពោះក្រុមពលរដ្ឋមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នោះ គឺហាមឃាត់ពួកគេមិនឲ្យចូលរួមក្នុងសកម្មភាពសាធារណៈណា ដែលមានហានិភ័យនៃការរាតត្បាតជំងឺកូវីដ ១៩៕

អត្ថបទ៖ ភក្តី
ប្រភព៖ Nation Thailand