ក្រុមតាលីបង់ចេញច្បាប់ហាមឃាត់មិនឲ្យស្ត្រីបង្ហាញខ្លួនក្នុងខែ្សភាពយន្តដែលត្រូវចាក់តាមទូរទស្សន៍ក្នុងប្រទេសអាហ្វហ្កានីស្ថាន
អាហ្វហ្កានីស្ថាន៖ បណ្តាញសារព័ត៌មាន BBC បានរាយការណ៍ថា រដ្ឋាភិបាលតាលីបង់ដែលកំពុងដឹកនាំប្រទេសអាហ្វហ្កានីស្ថានបានចេញច្បាប់ថ្មីមួយធ្វើការហាមឃាត់មិនឲ្យស្ត្រីអាចបង្ហាញខ្លួននៅក្នុងខែ្សភាពយន្តដែលត្រូវចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ក្នុងប្រទេសអាហ្វហ្កានីស្ថានជាដាច់ខាត។ ដោយឡែកសម្រាប់ស្រ្តីជាអ្នកសារព័ត៌មានឬជាអ្នកធ្វើសេចក្តីអធិប្បាយវិញអាចបង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍បាន តែតម្រូវឲ្យពាក់កន្សែងរុំក្បាលជាប់ជាប្រចាំក្នុងអំឡុងពេលបំពេញការងារនោះ។ ជាមួយគ្នានេះ ក្រុមតាលីបង់ក៏បានធ្វើការណែនាំឲ្យក្រុមក្មេងស្រីនិងស្រ្តីគួរនៅឲ្យឆ្ងាយពីការអប់រំនៅតាមសាលារៀនទៀតផង។ គេនៅចាំបានថា កាលពីអំឡុងឆ្នាំ ១៩៩០ គឺក្រុមតាលីបង់បានកំណត់ក្នុងច្បាប់តែម្តងដោយហាមឃាត់មិនឲ្យស្រ្តីទៅសាលារៀនឬទៅកន្លែងធ្វើការងារនោះទេ ពោលគឺមិនមែនគ្រាន់តែធ្វើការណែនាំដូចក្នុងពេលនេះទេ។

គួររម្លឹកថា ក្រោយបណ្តេញកងទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្កានីស្ថានរួច ក្រុមយោធាឥស្លាមតាលីបង់បានឡើងដឹកនាំប្រទេសជាផ្លូវការចាប់តាំងពីពាក់កណ្តាលខែសីហាមក ខណៈប្រជាពលរដ្ឋនៅទូទាំងប្រទេសអាហ្វហ្កានីស្ថានមានការភ័យខ្លាចចំពោះរដ្ឋាភិបាលផ្តាច់ការមួយនេះយ៉ាងខ្លាំង។ បើតាមប្រភពខាងលើបានបន្តថា ក្រៅតែពីបានចេញច្បាប់រឹតបន្តឹងសេរីភាពចំពោះពលរដ្ឋជាស្រ្តី ក្រុមតាលីបង់ក៏បានចេញច្បាប់តឹងរឹងមួយចំនួនទៀតផងដែរដូចជា ហាមមិនឲ្យចាក់បញ្ចាំងខ្សែភាពយន្តដែលបង្ហាញការដឹកនាំរបស់ស្រ្តីនៅតាមទូរទស្សន៍ ហាមឃាត់ភាពយន្តដែលមាននិន្នាការផ្ទុយពីច្បាប់សាសនាឥស្លាម ឬប៉ះពាក់ដល់ច្បាប់និងតម្លៃរបស់ប្រទេសអាហ្វហ្កានីស្ថាន ហាមឃាត់រាល់វីដេអូផ្សេងៗដែលបង្ហាញពីកន្លែងអាថ៌កំបាំងលើរាងកាយបុរស ហាមឃាត់រាល់រឿងកំប្លែងឬកម្មវិធីកំសាន្តណាដែលអាចប្រមាថដល់សាសនាឥស្លាម និងហាមឃាត់រាល់ខ្សែភាពយន្តណាដែលមានទំនោរលើកកម្ពស់វប្បធម៌បរទេស៕

អត្ថបទ៖ ភក្តី
ប្រភព៖ BBC