អន្តរជាតិ

បវរកញ្ញា Miss Universe ថៃត្រូវបានអាជ្ញាធរចោទប្រកាន់ថា បានបំពានទង់ជាតិនៃប្រទេសថៃយ៉ាងខ្លាំង

BY
Pheakdey
November 24, 2021

ថៃ៖ ស្រ្តីដែលជាបេក្ខជនប្រលងក្នុងកម្មវិធី Miss Universe តំណាងឲ្យប្រទេសថៃម្នាក់​ត្រូវបានប៉ូលិសជំនាញថៃចោទប្រកាន់ថា បានបំពានលើទង់ជាតិនៃប្រទេសថៃយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃពុធ ទី២៤​ ខែវិច្ឆិកានេះ។ ការសម្រេចចោទប្រកាន់និងចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះបេក្ខភាពបវរកញ្ញាចក្រវាលរូបនេះត្រូវបានធ្វើឡើងភ្លាមៗ ក្រោយអាជ្ញាធរថៃបានប្រទះឃើញរូបថតមួយសន្លឹកដែលបានបង្ហាញនាងបានឈរនៅលើផ្ទាំងធំមួយដែលមានពណ៌ដូចគ្នាទៅនឹងទង់ជាតិនៃប្រទេសថៃ។

គួរបញ្ជាក់ថា បេក្ខភាពបវរកញ្ញាចក្រវាលតំណាងឲ្យប្រទេសថៃរូបនេះមានឈ្មោះ Anchilee Scott-Kemmis ហើយអំឡុងពេលនេះនាងកំពុងស្ថិតនៅក្រៅប្រទេសដើម្បីចូលរួមប្រកួតក្នុងកម្មវិធី Miss Universe ខណៈវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីលំដាប់ពិភពលោក​មួយនេះនឹងត្រូវរៀបចំឡើងនៅក្នុងថ្ងៃទី ១២ ខែធ្នូ ក្នុងប្រទេសអ៊ីស្រាអែល។

បើតាមឧត្តមសេនីយ៍ឯក Samran Nuanma ស្នងការក្រុងបាងកកបានបញ្ជាក់ថា សកម្មភាពរបស់កញ្ញា Anchilee Scott-Kemmis បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងចំពោះតម្លៃនៃទង់ជាតិថៃ ហើយយោងទៅតាមច្បាប់ជនដែលបានប្រព្រឹត្តិសកម្មភាពខុសឆ្គងនេះគឺត្រូវប្រឈមនឹងការជាប់គុករហូតដល់ ២ឆ្នាំ ឬពិនិយជាប្រាក់ចំនួន ៤០,០០០បាត (១,២០៣ ដុល្លារអាមមេរិក) ឬទទួលទោសទាំងជាប់គុកនិងពិន័យជាប្រាក់រួមគ្នាតែម្តង។

យ៉ាងណាក្តី លោកស្នងការរូបនេះបានបញ្ជាក់ អាជ្ញាធរថៃនឹងមិនដាក់ទោសឲ្យកញ្ញា Anchilee Scott-Kemmis ជាប់គុកនោះទេ តែអាជ្ញាធរត្រូវឲ្យនាងដឹងថានាងបានប្រព្រឹត្តកំហុសហើយត្រូវកែតម្រូវជាបន្ទាន់ដើម្បីកុំឲ្យសកម្មភាពរបស់នាងក្លាយជាគំរូអាក្រក់សម្រាប់យុវវ័យជំនាន់ក្រោយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: