អាហ្វ្រិកខាងត្បូងរកឃើញមេរោគកូវីដ ១៩ ទម្រង់ថ្មីមួយប្រភេទទៀត ដែលអាចឆ្លងលឿនខ្លាំងទ្វេដងជាងទម្រង់ Delta
អាហ្រិ្វកខាងត្បូង៖ យោងតាមការចុះផ្សាយរបស់កាសែត South China Moring Post បានឲ្យដឹងថា អាហ្វ្រិកខាងត្បូងបានរកឃើញមេរោគនៃជំងឺកូវីដ ១៩ ទម្រង់ថ្មីមួយប្រភេទទៀត ដែលអាចចម្លងបានលឿនជាងប្រភេទវ៉ារ្យ៉ង់ Delta ទៅទៀត។ បើតាមក្រុមអ្នកវិទ្យាសាស្រ្តអាហ្រ្វិកខាងត្បូងបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញថា មេរោគថ្មីនេះត្រូវបានគេហៅថា B.1.1.529 នៅខ្នែង Spike Protein ទី32 ខុសគ្នាយ៉ាងខ្លាំងពីវីរុសទម្រង់ដើម ដែលវ៉ាក់សាំងត្រូវបានអភិវឌ្ឍឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងវា ហេីយវាឆ្លងលឿនខ្លាំងទ្វេដងជាងទម្រង់ Delta ទៅទៀត ។

ប្រភពខាងលើបានបន្តថា នៅថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកានេះ ក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក នឹងបើកកិច្ចប្រជុំមួយដើម្បីដាក់ឈ្មោះតាមបែបក្រិចឲ្យមេរោគថ្មីនេះ និងស្វែងរកវិធានការល្អៗដើម្បីឆ្លើយតបជុំវិញករណីនេះផងដែរ។ ភ្លាមៗក្រោយការរកឃើញមេរោគថ្មីនេះ ប្រទេសអង់គ្លេសបានសម្រេចបិទជើងហោះហើរចំពោះពលរដ្ឋមកពីប្រទេសចំនួន ៦ រួមមាន អាហ្រ្វិកខាងត្បូង ណាមីប៊ី ឡេសូតូ អ៊ីស្វាទីនី ហ្ស៊ីមបាវ៉េ និងបូតស្វាណា ខណៈក្រុមអ្នកជំនាញបានបញ្ជាក់ថា គិតត្រឹមពេលនេះមេរោគនៃជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីនេះ ត្រូវបានគេរកឃើញក្នុងខ្លួនអ្នកដំណើរនៅក្នុងទីក្រុងហុងកុង និងអ្នកដំណើរនៅក្នុងប្រទេសបូតស្វាណារួចទៅហើយ៕
