ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង់គ្លេសទាញសញ្ញាអាសន្នចំពោះមេរោគកូវីដទម្រង់ថ្មីមួយដែលទំនងជាអាចយកឈ្នះលើវ៉ាក់សាំងបង្ការនាពេលបច្ចុប្បន្ន

    BY Pheakdey November 26, 2021
    អង់គ្លេសទាញសញ្ញាអាសន្នចំពោះមេរោគកូវីដទម្រង់ថ្មីមួយដែលទំនងជាអាចយកឈ្នះលើវ៉ាក់សាំងបង្ការនាពេលបច្ចុប្បន្ន

    អង់គ្លេស៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ប្រទេសអង់គ្លេសបានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងមួយចំពោះការរកឃើញមេរោគកូវីដ ១៩ ទម្រង់ថ្មីនៅប្រទេសអាហ្វ្រិកខាងត្បូង ដ្បិតក្រុមអ្នកជំនាញបានសន្និដ្ឋានថាវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នាពេលបច្ចុប្បន្ននេះទំនង់ជាមិនអាចយកឈ្នះលើមេរោគថ្មីនេះបានទេ។ បើតាមក្រុមអ្នកវិទ្យាសាស្រ្ត​អាហ្រ្វិកខាងត្បូងបានបញ្ជាក់ថា មេរោគកូវីដ ១៩ ទម្រង់ថ្មីនេះមានលេខសម្គាល់ B.1.1.529​ អាចចម្លងបានលឿនជាងមេរោគ Delta និងអាចផ្លាស់ប្តូរខ្លួនបានយ៉ាងតិច ១០ដង ខណៈរហូតមកទល់ពេលនេះគេនៅមិនដាក់ឈ្មោះជាផ្លូវការឲ្យវានៅឡើយទេ។

    ភ្លាមៗក្រោយការរកឃើញមេរោគថ្មីខាងលើនេះទីភ្នាក់ងារសន្តិសុខសុខភាពអង់គ្លេស បានបង្ហាញនូវក្តីបារម្ភថា មេរោគដែលមានលេខសម្គាល់ B.1.1.529​​ អាចបន្តរាតត្បាតជុំវិញពិភពលោកនិងបង្កឲ្យមានវិបត្តិធ្ងន់ធ្ងរដូចពេលដែលពិភពត្រូវប្រឈមនឹងការរាតត្បាតមេរោគកូវីដ ១៩ ប្រភេទ Delta អីចឹងដែរ។ ទន្ទឹមនឹងការបង្ហាញនូវក្តីព្រួយបារម្ភនេះអាជ្ញាធរអង់គ្លេសក៏បានសម្រេចធ្វើការរឹតបន្តឹងជើងហោះហើរមកពីប្រទេសអាហ្រ្វិកខាងត្បូងនិងប្រទេសជិតខាងចំនួន ៥ផ្សេងទៀតផងដែររួមមាន ប្រទេសណាមីប៊ី ឡេសូតូ អ៊ីស្វាទីនី ហ្ស៊ីមបាវ៉េ និងប្រទេសបូតស្វាណា ខណៈក្រុមអ្នកជំនាញបានបញ្ជាក់ថា មេរោគកូវីដ ១៩ ថ្មីនេះបានធ្វើដំណើរទៅដល់ក្រុងហុងកុងនិងប្រទេសបូតស្វាណារួចទៅហើយ៕

     

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: