ចិនសម្រេចផ្អាកការដឹកជញ្ជូនសាធារណៈនិងរឹតបន្តឹងរាល់ការធ្វើដំណើររបស់ពលរដ្ឋក្នុងក្រុងមួយចំនួនដើម្បីទប់ស្កាត់ការរាតត្បាតមេរោគកូវីដ១៩ថ្មី
ចិន៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ក្រុងចំនួន ២នៅតំបន់ភាគខាងជើងប្រទេសចិនបានសម្រចដាក់ចេញនូវវិធានការរឹតបន្តឹងមួយចំនួនដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩ ជាពិសេសគឺមេរោគបំប្លែងខ្លួនប្រភេទអូមីក្រុង បើទោះជាពេលនេះចិននៅមិនទាន់រកឃើញករណីឆ្លងមេរោគថ្មីនេះក៏ដោយ។ វិធានការដែលអាជ្ញាធរចិនបានដាក់ឲ្យអនុវត្តនៅក្នុងទីក្រុងដែលមានហានិភ័យនៃការចម្លងមេរោគខ្ពស់នេះរួមមានផ្អាកការដឹកជញ្ជូនសាធារណៈនិងរឹតបន្តឹងរាល់ការធ្វើដំណើររបស់ពលរដ្ឋ បើទោះជាការធ្វើដំណើរនោះមិនចេញក្រៅក្រុងក៏ដោយ។

គួររម្លឹកថា ការសម្រេចដាក់ចេញវិធានការបន្ទាន់ខាងលើនេះត្រូវបានធ្វើឡើងក្រោយអាជ្ញាធរចិនបានរកឃើញករណីចម្លងនៅក្នុងសហគមន៍ក្នុងតំបន់ភាគខាងជើងប្រទេសចំនួន ២១ ករណី កាលពីថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ម្សិលមិញនេះ ដែលចំនួននេះមានការកើនឡើងគួរឲ្យកត់សម្គាល់បើធៀបទៅនឹងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ សូមបញ្ជាក់ជូនថា តួលេខអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២១ករណីក្នុងមួយថ្ងៃហាក់មិនច្រើននោះទេសម្រាប់ប្រទេសមួយចំនួន តែចំនួននេះគឺជាឧបសគ្គមួយរារាំងមិនឲ្យចិនអាចសម្រេចបាននៅផែនការដាច់ខាតមួយគឺផែនការទប់ស្កាត់ការចម្លងកូវីដ ១៩ឲ្យនៅត្រឹមកម្រិតសូន្រ មុនពេលចិនត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ខាងមុខនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia