ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សិង្ហបុរីសម្រេចពន្យាគម្រោងទទួលអ្នកដំណើរចាក់វ៉ាក់សាំងពីប្រទេសកាតា អារ៉ាប៊ីសាអូឌីតនិងអារ៉ាប់រួម ព្រោះបារម្ភពីការចម្លងមេរោគកូវីដ ១៩ អូមីក្រុង

    BY Pheakdey November 29, 2021
    សិង្ហបុរីសម្រេចពន្យាគម្រោងទទួលអ្នកដំណើរចាក់វ៉ាក់សាំងពីប្រទេសកាតា អារ៉ាប៊ីសាអូឌីតនិងអារ៉ាប់រួម ព្រោះបារម្ភពីការចម្លងមេរោគកូវីដ ១៩ អូមីក្រុង

    សិង្ហបុរី៖ យោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកានេះ បានឲ្យដឹងថា ប្រទេសសិង្ហបុរីបានសម្រេចពន្យាពេលអនុវត្តផែនការទទួលយកអ្នកដំណើរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចពីប្រទេសកាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមជាបន្ទាន់ ដ្បិតសិង្ហបុរីមានការព្រួយបារម្ភខ្លាំងចំពោះការរាតត្បាតជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។ គួរបញ្ជាក់ថា តាមគម្រោងគឺនៅថ្ងៃទី ៦ ខែឆ្នូ ខាងមុខនេះ សិង្ហបុរីនឹងផ្តើមអនុវត្តគម្រោង Vaccinated Travel Lanes (VTL) ដែលតាមរយៈគម្រោងនេះគឺប្រលានយន្តហោះសិង្ហបុរីនឹងអនុញ្ញាតឲ្យមានការចុះចតនូវជើងហោះហើរ ដែលផ្ទុកអ្នកដំណើរចាក់វ៉ាក់សាំងកូវីដ ១៩ រួចពីបណ្តាប្រទេសនៅតំបន់អារ៉ាប់ខាងលើនេះ។

    គួររម្លឹកថា កាលពីប៉ុន្មានថ្ងៃមុននេះអាជ្ញាធរសិង្ហបុរីបានសម្រេចផ្អាកជើងហោះហើរពីប្រទេសមួយចំនួននៅតំបន់អាហ្វ្រិករួចហើយមានដូចជាប្រទេសបូតស្វាណា អេសវ៉ាទីនី ឡេសូតូ ម៉ូសំប៊ិក ណាមីប៊ី អាហ្វ្រិកខាងត្បូង និងហ្ស៊ីមបាវ៉េ។ សូមបញ្ជាក់ជូនថា អូមីក្រុងគឺជាមេរោគកូវីដ ១៩ បំប្លែងខ្លួនថ្មីដែលត្រូវបានរកឃើញដោយក្រុមអ្នកវិទ្យាសាស្រ្តអាហ្វ្រិកខាងត្បូង ខណៈរហូតមកទល់នឹងពេលនេះមេរោគថ្មីនេះត្រូវបានគេរកឃើញនៅក្នុងបណ្តាប្រទេសមួយចំនួននៅតំបន់អឺរ៉ុបនិងនៅក្រុងហុងកុងផងដែរ។ តាមការសិក្សាបានបង្ហាញថា មេរោគកូវីដ ១៩បំប្លែងខ្លួនអូមីក្រុងអាចចម្លងបានលឿនជាងមេរោគប្រភេទ Delta ហើយតាមការសន្និដ្ឋានជាបឋម មេរោគថ្មីនេះអាចយកឈ្នះលើវ៉ាក់សាំងដែលមានក្នុងពេលបច្ចុប្បន្ននេះទៅទៀត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

     

    Share This Post: