ក្រុមហ៊ុនផលិតវ៉ាក់សាំងជាច្រើនផ្តើមសិក្សាអំពីជម្រើសនៃផលិតវ៉ាក់សាំងថ្មីដែលផ្តោតជាពិសេសសម្រាប់ប្រឆាំងនឹងមេរោគកូវីដ ១៩ប្រភេទអូមីក្រុង
កាលពីថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ម្សិលមិញនេះ ក្រុមហ៊ុនផលិតវ៉ាក់សាំងជាច្រើនរួមមានក្រុមហ៊ុន BioNTech, Moderna និង Johnson & Johnson បានផ្តើមធ្វើការសិក្សាអំពីជម្រើសនៃការផលិតវ៉ាក់សាំងថ្មីមួយ ដែលផ្តោតជាពិសេសសម្រាប់ប្រឆាំងនឹងមេរោគជំងឺកូវីដ ១៩ ប្រភេទអូមីក្រុង។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះគេនៅមិនទាន់ដឹងច្បាស់ថា មេរោគកូវីដ ១៩ ប្រភេទអូមីក្រុងពិតមានជាមានសមត្ថភាពអាចយកឈ្នះលើវ៉ាក់សាំងនាពេលបច្ចុប្បន្ននេះបានមែនឬអត់នោះទេ តែអ្វីដែលបានដឹងច្បាស់អំពីវានៅពេលនេះគឺអូមីក្រុងអាចចម្លងបានលឿន បើទោះជានៅក្នុងចំណោមពលរដ្ឋដែលបានចាក់វ៉ាក់សាំងបង្ការរួចហើយក៏ដោយ។

បើទោះជាយ៉ាងនេះក្តីក្រុមហ៊ុនផលិតវ៉ាក់សាំងខាងលើបានបញ្ជាក់ថា ពួកគេត្រូវតែត្រៀមខ្លួនទុកមុនព្រោះក្នុងករណីដែលវ៉ាក់សាំងនាពេលបច្ចុប្បន្នពិតជាមិនអាចប្រឆាំងនឹងមេរោគអូមីក្រុងបានមែនទោះ ពួកគេក៏មានជម្រើសអាចផលិតវ៉ាក់សាំងថ្មីសម្រាប់ជួយមនុស្សជាតិឲ្យបានទាន់ពេលវេលាផងដែរ។ បើតាមលោក Stéphane Bance នាយកប្រតិបត្តិក្រុមហ៊ុន Moderna បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោកនឹងត្រូវការពេលវេលាជាច្រើនខែសម្រាប់ធ្វើការសិក្សាអំពីជម្រើសនៃការផលិតវ៉ាក់សាំងថ្មីនេះ។
ដោយឡែក ក្រុមហ៊ុន BioNTech បានឲ្យដឹងថា ក្រុមហ៊ុនបានសម្រេចចាប់ដៃគូជាមួយក្រុមហ៊ុន Pfizer ក្នុងការអភិវឌ្ឍន៍វ៉ាក់សាំងនេះ ខណៈដែរក្រុមហ៊ុន Johnson & Johnson ឯណោះវិញបានប្រាប់ឲ្យដឹងថា ពេលនេះក្រុមហ៊ុនកំពុងវាយតម្លៃអំពីឥទ្ធិពលនៃមេរោគអូមីក្រុងនិងកំពុងស្វែងរកវត្ថុធាតុដើមពិសេសៗសម្រាប់ចម្រាញ់ជាវ៉ាក់សាំងប្រឆាំងនឹងមេរោគដ៏គួរឲ្យបារម្ភមួយនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia